(បន្ទាយមានជ័យ)៖ ស្រះទឹកធំៗចំនួន២ដែលត្រូវបានជីករួច ស្ថិតនៅភូមិប្រីយ៍ ឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលស្រះមួយជារបស់សហគមន៍ និងស្រះមួយទៀតជាអំណោយ របស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ត្រូវបានប្រគល់ជូនដល់ដៃ រដ្ឋអំណាចមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិ ក្រោមវត្តមានលោក អាត់ ខែម សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារមួយចំនួនទៀត នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នេះ។
នាឱកាសនោះលោក អាត់ ខែម បានថ្លែងថា ស្រះមួយមានទំហំ ១២៨.៥ គុណ១៦៦.៥ម៉ែត្រ និងស្រះមួយទៀតមានទំហំ ១១×១០៨ម៉ែត្រ។ បើភ្លៀងគ្រប់គ្រាន់ឆ្នាំក្រោយមិនខ្វះទឹកទេ សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទីនេះ មិនមានការលំបាកដូចឆ្នាំនេះឡើយ។
លោក អាត់ ខែម ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន លោកបានលើកឡើងពីការកសាង និងអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចំរើនរហូតមកដល់សព្វថ្ងៃ ដែលបានធ្វើឲ្យជីវភាពរបស់រាស្រ្តកាន់ មានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសម្រាប់ខេត្តបន្ទាយមានជ័យនេះ ក្រោមការដឹកនាំផ្ទាល់ពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន គឺមានការរីកចម្រើនខ្លាំងក្លា។
ជាមួយគ្នានេះលោកក៏បានផ្តាំផ្ញើ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់ ជននយោបាយមួយចំនួន ដែលបានបំផុសបំផុលខុសពីការពិត ហើយជាពិសេសនោះ គឺការលួងលោមឲ្យផ្តិតមេដៃយកទៅធ្វើអីផ្តេសផ្តាស់។
សម្រាប់បញ្ហាតាមមូលដ្ឋានវិញ លោក អាត់ ខែម បានជំរុញឲ្យក្រុមយុវជនត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តបទល្មើសនានាដែលនាំទៅដល់ការរំខានសង្គមជាតិ ។ ដោយឡែ អ្នកដែលមិនធ្វើអត្តសញ្ញាណប័ណ្ណវិញ លោក អាត់ ខែម បានអំពាវនាវឲ្យទៅធ្វើគ្រប់ៗគ្នា ដើម្បីត្រៀមចូលរួមបោះឆ្នោតនាពេលខាងមុខ។
ចុងក្រោយលោកបានចែកថវិកាជូនសិស្សនុសិស្ស និងប្រងកូឡាចំនួន៣០០ក្លងទៅចែកជូនប្រជាពលរដ្ឋ ព្រមទាំងការផ្តល់ថវិកា៣០០ដុល្លារ សម្រាប់ការចាក់ដីលើផ្លូវឆ្ពោះទៅសាលារៀន និងភូមិឋានរបស់ប្រជាពលរដ្ឋ ងាយស្រួលការធ្វើដំណើរ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃដដែលនេះលោក អាត់ ខែម ក៏មាននាំយកអំណោយរបស់លោក កែ គឹមយ៉ាន បូករួមជាមួយសង្ក័សី ចំនួន២០០សន្លឹកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារតែភ្លើងឆេះ ស្ថិតនៅភូមិទំនប់ក៥ ក្រុងប៉ោយប៉ែត ព្រមទាំងចាត់ចែងឲ្យលោកអធិការក្រុងប៉ោយប៉ែត សហការជាមួយមេបញ្ជាការវរការពារព្រំដែន៩១១ ធ្វើផ្ទះជូនគាត់វិញផងដែរ។ ហើយលោកក៏បានចុះទៅនាំយកអំណោយ និងត្រៀមធ្វើផ្ទះជូនស្រ្តីម៉េម៉ាយនៅទីនោះទៀតផង៕