(ភ្នំពេញ)៖ បញ្ញវ័ន្តសង្ឃខ្មែរ ១អង្គ គឺសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា អគ្គាធិការរងពុទ្ធិក សិក្សាជាតិ សមាជិកក្រុម ប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ (វត្តស្រះចក) បានខិតខំយកអស់កម្លាំងកាយចិត្ត និងបញ្ញា ស្មារតី និងមានការចូលរួមជ្រោមជ្រែងកសាងពីសំណាក់ពីឥស្សរជន និងមហាជនជាច្រើន រួមទាំងកត្តាសុខសន្តិភាពទើបទទួលបានការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ បានប្រើរយៈពេលខ្លីក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តវិមានតេជះ ឱ្យមានការរីកចំរើនគួរឱ្យគត់សម្គាល់។
លោក ឈឹង សង្ហា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា រយៈពេលប៉ុន្មានឆ្នាំនេះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា បានខិតខំយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការអភិវឌ្ឍ និងកសាងនូវសមិទ្ធផលនានាជាច្រើនស្ថិតក្នុង វត្តស្រះចក បន្ទាប់ពីមានរឿងអាស្រូវមិនល្អនាពេលកន្លងទៅ គឺក្នុងឆ្នាំ២០១០ ហើយសម្តេចត្រូវបានចាត់តាំងពីគណ:សង្ឃនាយក និងរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងធម្មការ និងសាសនា ជាសេនាធិការឱ្យនិមន្តមកគ្រប់គ្រងដឹកនាំស្តារ កសាង និងអភិវឌ្ឍវត្តនេះឡើវិញក្នុងនោះសមិទ្ធផលនានាស្ទើតែទាំងស្រុងត្រូវ បានសាងសង់។
ព្រះអង្គបានសាងសង់កុដិចំនួន ២ខ្នង ក្នុង ១ខ្នង មាន ៤ជាន់ ស្មើនឹង ៨១បន្ទប់ ដែលមានព្រះសង្ឃគង់នៅ ៨៥អង្គ និងសិស្ស និស្សិតក្រីក្រ មកពីតាមបណ្តាខេត្តនានាចំនួន ៧២នាក់, បានសាងសង់សាលាបុណ្យ ១ខ្នង ២ជាន់ ក្នុងនោះជាន់ខាងក្រោមជាកន្លែងសម្រាប់ធ្វើបុណ្យទូទៅ និងជាន់ខាងលើជាកន្លែងតម្កល់អដ្ឋិធាតុរួម, បានសាង សង់ អគ្គិសាលា (រោងបាយ)១ខ្នង មាន២ជាន់, បានសាងសង់របងវត្តជុំវិញបរិវេណវត្ត, បានសាងសង់ខ្លោងទ្វារវត្តថ្មីចំនួន២ និងជួសជុលកែលម្អឡើងវិញចំនួន។
ព្រះអង្គបានជួសជុលបណ្ណាល័យ១ខ្នង, បានជួសជុលឧបដ្ឋានសាលា, បានរៀបចំប្រព័ន្ធទឹកភ្លើងថ្មីឡើងវិញ, កំពុងដំណើរការសាងសង់ព្រះវិហារថ្មី ចំនួន៣ជាន់មាន៖ ជាន់ក្រោមដី សម្រាប់ជាចំណតយានយន្តនិងឃ្លាំងវត្ត, ជាន់ទី២ (ជាន់លើដី) សម្រាប់បដិបត្តិ សមាធិ-វិបស្សនា និងជាន់ទី៣ សម្រាប់ព្រះសង្ឃធ្វើសង្ឃកម្ម ផ្សេងៗ មានកឋិនកម្ម បំបួសកុលបុត្រ ជាដើម, បានក្រាលប៉េតុងពេញបរិវេណទាំងក្នុង ទាំងចំណីដីក្រៅវត្ត, កំពុងដំណើរការសាងសង់ មហាកុដិ១ខ្នង កំពស់៣ជាន់ និងសមិទ្ធផលផ្សេងៗទៀត។
បើតាមលោក ឈឹង សង្ហា បានបន្ថែមថា សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា បានសាងព្រះផ្នួសតាំងពីយុវវ័យ ១៦ឆ្នាំ បានចូលសិក្សារៀនសូត្រ ក្នុងសាលាបាលី តាំងពីថ្នាក់បឋមរហូតដល់ថ្នាក់បណ្ឌិត មានឯកទេសទស្សនវិជ្ជាក្នុងថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិតឯកទេសច្បាប់ និងបញ្ចប់ថ្នាក់បណ្ឌិតជំនាញរដ្ឋបាលសាធាណ: ហើយចំណេះដឹងរបស់សម្តេច មានទាំងវិជ្ជាផ្លូវលោកវិជ្ជាផ្លូវធម៌ រួមទាំងអក្សរសាស្ត្រខ្មែរ និងភាសាបរទេសផងដែរ។
បន្ថែមលើនេះសម្តេចមានបទពិសោធន៍ការងារទាំងក្នុង និងក្រៅប្រទេសផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រះអង្គបានអភិវឌ្ឍន៍ខ្លួនពីកូនកសិករ ក្លាយជាមន្ត្រីសង្ឃជាន់ខ្ពស់ ថ្នាក់សម្តេច។ បន្ថែមពីលើនេះក្នុងភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវមួយព្រះអង្គ សម្តេចបានរៀបចំចិញ្ចឹមព្រះសង្ឃក្នុងវត្តទាំងមូលសម្រាប់និច្ចភត្តជារៀងរាល់ថ្ងៃ ព្រមទាំងសិស្ស និស្សិតក្រីក្រដែលរស់នៅក្នុងវត្តផងដែរ។
ចំពោះកិច្ចការមនុស្សធម៌វិញ សម្តេចព្រះឧត្តមចរិយាបណ្ឌិត បានចូលរួមជាមួយកាកបាទក្រហមកម្ពុជាជាសម្ភារ:ទេយ្យវត្ថុ និងថវិកាសម្រាប់ជនរងគ្រោះ ក្នុងគោល ការណ៍កាកបាទក្រហមដែលជាស្ថាប័នមនុស្សធម៌ចាត់ចែង។ ជាងនេះទៅទៀត សម្តេចបានជួយដល់ជនចាស់ជរា ព្រឹទ្ធាចារ្យ អ្នកខ្វះទីពឹង កុមារកំព្រា ទុគ៌តជន និងកុមារតាមមន្ទីរពេទ្យមានអាហារភោជន ទេយ្យវត្ថុ សម្ភារ ថវិកាតាមលទ្ធភាពដែលអាចធ្វើបានផងដែរ។
សូមបញ្ជាក់ថា វត្តវិមានតេជះ ហៅស្រះចក ត្រូវបានរៀបចំប្លង់មេរបស់វត្តឡើងវិញ ដើម្បីសាងសង់សំណង់សាសនាឲ្យមានរបៀបរៀបរយល្អក្នុងខ្នាតបន្ទាត់ត្រឹមត្រូវ។ ចំពោះសំណង់អាគារសាសនាត្រូវបានធ្វើឡើង តាមរចនាបទខ្មែរទាំងអស់។ លើសពីនេះទៅទៀត សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ក៏បានជួយកសាង សមិទ្ធិផលសាសនា និងសំណង់ខាងអាណាចក្រជាច្រើនទៀតនៅស្រុកកំណើតរបស់ព្រះអង្គគឺ ស្រុកចំការលើ ខេត្តកំពង់ចាម ក្នុងនោះរួមមាន សាលាឆាន់ ខ្លោងទ្វារវត្ត របងវត្ត ចាក់ដីបំពេញ រៀបចំកម្រាលបេតុងក្នុងបរិវេណវត្ត សាលារៀន ព្រមទាំងសាងសង់ខ្លោងទ្វារសាលាបឋមសិក្សាបន្ទាយជ័យជាសំណង់ផ្នែកអាណាចក្រផងដែរ៕