(កណ្ដាល)៖ ដោយមានការបញ្ជាផ្ទាល់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកងកម្លាំងទាំង៣ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងអាជីវកម្មរបស់ជនជាតិចិនមួយកន្លែង ស្ថិតនៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បន្ទាប់ពីចុះពិនិត្យទីតាំងអាជីវកម្មខាងលើ បានរកឃើញថា ជនជាតិចិនមួយចំនួនធំមានប៉ាស្ព័រត្រឹមត្រូវ និងមួយចំនួនតូចគ្មានប៉ាស្ព័រ។ ក្នុងនោះដែរ ក៏បានរកឃើញអាជីវកម្មល្បែងអនឡាញ (Online) ខុសច្បាប់ នៅទីតាំងខាងលើនេះផងដែរ។
លោក ណុប ដារ៉ា បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់លោក គង់ សោភ័ណ្ឌ, អាជ្ញាធរបានបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន ព្រមទាំងឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់អនុវត្តទៅតាមនីតិវិធី៕