(តាកែវ)៖ វេនកាន់បិណ្ឌទី១១ អតីតសកម្មជនគាំទ្រគណបក្សភ្លើងទៀនជាង៥០នាក់ នៅឃុំអង្គរកែវ ស្រុកទ្រាំ ខេត្តកែវ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងចូលរួមកាន់បិណ្ឌ ជាមួយថ្នាក់ដឹកនាំគណបក្ស សមាជិកាសមាជិកបក្សនៅវត្តអង្គរកែវ ប្រកបដោយទឹកចិត្តរីករាយ ជ្រះថ្លា ជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ពិធីកាន់បិណ្ឌទី១១នេះ និងជួបសំណេះសំណាលជាមួយអតីតអ្នកគាំទ្រគណបក្សប្រឆាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ជាជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ។

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានផ្តាំផ្ញើការសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ជូនដល់អតីតអ្នកគាំទ្រគណបក្សភ្លើងទៀនជាង៥០នាក់ និងពុទ្ធបរិស័ទ ឱ្យបានយល់ច្បាស់ពីការខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ដែលបានធ្វើប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់របស់ក្រុម ប៉ុល ពត។

លោកបានបន្តថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលសមាជិក-សមាជិកា បានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ពីព្រោះថាមិនមានគណបក្សនយោបាយណាមួយ ដែលមានគោល នយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយ ដើម្បីផលប្រយោជន៍បក្ខពួកក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរ អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកបក្សគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនប្រជាពលរដ្ឋជានិច្ច។

ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានឣភិវឌ្ឍប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស និងទទួលបាននូវសុខសន្តិភាពយ៉ាងពេញ លេញទូទាំងប្រទេស ដោយសម្តេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋជានិច្ច ក្នុងពេលជួបប្រទះបញ្ហាផ្សេងៗដោយមិនព្រងើយកន្តើយឡើយ។

ទន្ទឹមនឹងនេះឮ ឧត្តមសេនីយ៍ឯក បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសជាតិកម្ពុជា ទទួលបាននូវបូរណភាព ឯកភាពជាតិទឹកដី និងប្រជាជនទទួលបាននៅសិទ្ធិសេរីភាព គ្រប់គ្រាន់ អាចប្រតិបត្តិសាសនាផ្សេងៗ ដោយបានផ្ដល់សិទ្ធិក្នុងក្របខណ្ឌច្បាប់ជូនអង្គការសមាគមជាតិ អន្តរជាតិសហគមន៍មូលដ្ឋានសម្រាប់រួមចំណែកក្នុងកិច្ចចូលរួមអភិវឌ្ឍប្រទេស តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពេញបរិបូណ៌។

ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ក៏បានក្រើនរំលឹក និងអំពាវនាវឱ្យពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវវិធានសុវត្តិភាព បទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខភិបាលឱ្យបានគ្រប់ៗគ្នា៕