(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមសម្ពោធ ដាក់តាំងបង្ហាញរូបសំណាក ព្រះបាទជ័យវរ្មន័ទី៧ និងសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ព្រមទាំងសម្មិទ្ធផលនានាទៀត នៅក្នុងវត្តពេជ្រមន្ត្រី ស្ថិតក្នុងភូមិត្រែប ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

នៅក្នុងពិធីសាសនាមួយនេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំខេត្ត ព្រមទាំងព្រះចៅអធិការវត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ផងដែរ។

លោកទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម បានលើកឡើងនូវការរីកចំរើន និងអភិវឌ្ឍន៍របស់ប្រទេសយ៉ាងខ្លាំង លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្រាប់វិស័យពុទ្ធចក្រវិញ គឺវត្តអារាមមានការរីកសាយភាយ យ៉ាងច្រើនទូទាំងប្រទេស ដោយមានព្រះសង្ឃរាប់ម៉ឹនអង្គ មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ៕