(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងបុព្វហេតុ ទប់ស្កាត់ និងបញ្ឈប់ជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅគ្រប់ទីកន្លែងទូទាំងពិភពលោក អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២១ ខែកញ្ញា រៀងរាល់ឆ្នាំ ជាកាលបរិច្ឆេទសម្រាប់ប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ»។

ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និងកសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គីភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមសម្តែងអំណរសាទរ និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏មហោឡារិកនេះ ដើម្បីរំលចអត្ថន័យដ៏ថ្លៃថ្លានៃសន្តិភាព ក៏ដូចជាឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការការពារ និងចូលរួមកសាងសន្តិភាពសកល៕

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ៖