(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយជាថវិកាឧបត្ថម្ភដល់មន្ត្រីរាជការរដ្ឋបាលថ្នាក់កណ្តាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសរុបប្រមាណ១៨៥២នាក់ ដែលជាថវិកាផ្ទាល់របស់លោកទេសរដ្ឋមន្ត្រី ដើម្បីបានប្រារព្ធពិធីបុណ្យទាន និងកំសាន្តសប្បាយ រីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវ សមិទ្ធផលនានាជូនក្រសួង។

លោកទេសរដ្ឋមន្ត្រី បានជូនពរដល់មន្រ្តីរាជការទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមទទួលបាននូវសំណាងល្អ សុខសុវត្ថិភាពរាល់ពេលធ្វើដំណើរ និងជួបប្រទះនឹងពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមមានសេចក្តីសុខជាមួយក្រុមគ្រួសារ ហើយសង្ឃឹមថាមន្ត្រីទាំងអស់នឹងវិលត្រឡប់ពីថ្ងៃឈប់សម្រាកមកបំពេញការងារវិញប្រកបដោយស្មារតី និងអារម្មណ៍ជ្រះថ្លា ដើម្បីបម្រើផលប្រយោជន៍ប្រជាជនខ្មែរយើងបន្តទៀត។

សូមបញ្ជាក់ថា ជាទម្លាប់រាល់ពេលបុណ្យភ្ជុំ និងបុណ្យចូលឆ្នាំថ្មី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់មន្ត្រីនៅទីស្តីការក្រសួង ដើម្បីជាការលើកទឹកចិត្ត និងអរគុណមន្ត្រីរាជការ ដែលប្រឹងប្រែងបំពេញការងារ៕