(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកញ្ញាសម្រាប់២សប្តាហ៍លើកទី២ និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្តទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ប្រាក់របបសន្តិសុខសង្គមប្រចាំខែកញ្ញា សម្រាប់២សប្តាហ៍ លើកទី២ និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន នឹងចាប់បើកពី នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២តទៅ»

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បី ប្រើប្រាស់បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានកាត ATM អាចបើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេសនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២តទៅ។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទ៣ខ្សែ រូមមាន ០៩៣ ៥២៩ ៨៩៩/ ០៩៥ ៨៤២ ២២២/ ០១៥ ៧៥៥ ៣៦៦ ឬគេហទំព័ររបស់បេឡាជាតិអតីតយុទ្ធជន៕