(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ កូតាខាងគណបក្សសមរង្ស៊ី ដែលតូចចិត្តខ្លាំងបានទម្លាយប្រាប់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រោមស្នាដៃ លោក កឹម សុខា ឥឡូវនេះបក្សសង្គ្រោះជាតិ CNRP ទាំងមូលគឺបានធ្វើដំណើរមកដល់របត់នៃស្ថានភាពដ៏គ្រោះថ្នាក់បំផុតហើយ។ ក្នុងប្រវត្តិនៃសម្ព័ន្ធភាពរវាង សម រង្ស៊ី SRP និង កឹម សុខា HRP ឥឡូវនេះដោយសារតែលោក កឹម សុខា គឺបង្កើតឲ្យមានបរិយាកាស៖ «ហួសចិត្តបំផុត ខកចិត្តបំផុត ការអស់មនោសញ្ចេតនានឹងគ្នាបំផុត និងការអស់ទឹកចិត្តធ្ងន់ធ្ងរបំផុតនៅផ្ទៃក្នុងបក្សសង្គ្រោះជាតិ ដែលមានអាយុជិត៤ឆ្នាំ»។
សម្រាប់ កឹម សុខា ខ្លួនឯង ដោយសារតែរឿងអាស្រូវផ្លូវភេទដែលពិតពេករហូតដោះមិនចេញនេះ ធ្វើឲ្យគាត់ស្ទើរក្លាយជាមនុស្សបាត់បង់វិញ្ញាណ បាត់ព្រលឹង និងបាត់ម្ចាស់ការទាំងស្រុង កុំថាឡើយដល់ការដឹកនាំបក្សមួយលោក កឹម សុខា ក្នុងស្ថានភាពនេះ សូម្បីគ្រប់គ្រងខ្លួនឯងក៏មិនបានផង ។
មន្រ្តីជាន់ខ្ពស់ដែលចូលរួមបង្កើតគណបក្សសង្រ្គោះជាតិតាំងពីដើមទី បានបន្តហែកកេរ្តី៍បក្សឲ្យដឹងថា៖ លោក សម រង្ស៊ី ហួសចិត្ត ខកចិត្ត រហូតស្ទើរតែលែងនិយាយអ្វី ទាំងអស់ចំពោះលោក កឹម សុខា ។ គេកត់សំគាល់ថា លោក សម រង្ស៊ី លែងនិយាយមែន ! ទង្វើរបស់លោក កឹម សុខា មិនត្រឹមបំផ្លាញក្តីស្រមៃ និងការខិតខំរបស់លោក សម រង្ស៊ី ជាង២០ឆ្នាំមកនេះប៉ុណ្ណោះទេ តែបំផ្លាញគណបក្សទាំងមូលតែម្តង ។
លោក សម រង្ស៊ី និងសហការីស្មោះត្រង់ បានខិតខំតស៊ូប្តូរជីវិតក្នុងគណបក្ស សម រង្ស៊ី SRP រហូតទទួលបាន២៦អាសនៈ ។ ក្នុងក្តីស្រម័យ និងការលះបង់មួយ លោក សម រង្ស៊ី សុខចិត្តរួមគ្នា និងចែកអំណាចក្នុងបក្សស្មើគ្នាជាមួយលោក កឹម សុខា ដែលមានតែ៣អាសនៈ ដើម្បីរួមគ្នាមកបង្កើត គណបក្សសង្គ្រោះជាតិ CNRP ។ តែទីបំផុត ៤ឆ្នាំក្រោយមក CNRP អ្វីៗត្រូវខ្ទេចក្រោមស្នាដៃលោក កឹម សុខា ។
មន្រ្តីជាន់ខ្ពស់ក៏ជាអ្នកដឹងរឿងផ្ទៃក្នុងច្រើនរូបនោះ បានបន្តអះអាងថា៖ ពេលដែលលោក សម រង្ស៊ី មិននៅ គឺលោករំពឹងថា លោក កឹម សុខា អាចជាម្លប់ដឹកនាំបក្សមួយ បើមិនបានទៅមុខក៏រក្សាបានដដែល ។ ប៉ុន្តែមិនអញ្ចឹងដូចការរំពឹងទេ លោក កឹម សុខា ល្មោភកាមគិតតែប្រយោជន៍សួនតួ អាត្មានិយម ភ្លើតភ្លើន រហូតធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ។ មិនត្រឹមតែខូចជាបុគ្គលទេ គឺប៉ះពាល់ធ្ងន់ធ្ងរដល់គណបក្ស សមាជិកបក្ស ថ្នាក់ដឹកនាំបក្ស និង អនាគតបក្សទៅទៀត ជាពិសេសអតីតថ្នាក់ដឹកនាំ និងសមាជិកមកពីគណបក្ស សម រង្ស៊ី ដែលតស៊ូរាប់ឆ្នាំមកនេះ ត្រូវបានបំផ្លាញខ្ទេច ។ កុំថាឡើយ លោក សម រង្ស៊ី ដែលគេសង្កេតឃើញហួសចិតលែងចង់និយាយស្តី សូម្បីតែថ្នាក់ដឹកនាំ និងសមាជិកមកពីអតីតគណបក្សសមរង្ស៊ី ក៏អស់កម្លាំងចិត្ត ហើយអស់ទឹកចិត្តនឹងតស៊ូដែរ ។
ហេតុការណ៍មួយទៀតដែលគេមិនអាចអត់ឱន និងមិនអាចទ្រាំបាននោះ គឺរឿងប្រពន្ធនិងកូន កឹម សុខា ទៅច្រងេងច្រងាងនៅស្នាក់ការបក្ស ហើយបញ្ជាឲ្យគណៈអចិន្ត្រៃយ៍បក្ស ធ្វើនេះធ្វើនោះតាមអំពើចិត្តខ្លួន ដោយទាមទារយកតួនាទីបក្សទាំងមូលមកទ្រាប់ក្រោមគូថ កឹម សុខា ដើម្បីជួយលុបលាង បិទបាំងរឿងអាស្រូវផ្លូវភេទរបស់ ប្តី ឪពុក កូន មួយគ្រួសារនេះ ។ លោក យឹម សុវណ្ណ និង អ្នកឯទៀត ខឹងខ្លាំងណាស់ចំពោះឥរិយាបទ សួនតួនិយម យកគណបក្សមួយ ធ្វើបាយឡុកបាយឡ បិទបាំងបញ្ហាបុគ្គលនេះ។ សូម្បីហែរញាតិ្តគឺលោក យឹម សុវណ្ណ ខឹងមិនចូលរួមផង !
គេអាចទទួលស្គាល់ថា មនុស្សក្នុងស្ថានភាពបាត់ម្ចាស់ការនេះ ទាំងលោក កឹម សុខា ប្រពន្ធ និងកូន គឺលែងខ្វល់ហើយ ចំពោះអ្វីហៅថា «គុណតម្លៃបក្ស»។ ដូច្នេះអ្វីក៏ដោយឲ្យតែចាប់បាន ភើចបានយកមកបិទបាំងការពារកេរ្តិ៍ខ្មាសខ្លួនសិន គឺធ្វើហើយ !
មន្រ្តីជាន់ខ្ពស់ដែលនិយមទម្លាយអាថ៌កំបាំងបក្សខ្លួនឯង បានលើកឡើងថា៖ ផ្ទុយទៅវិញចំពោះអតីតអ្នកតស៊ូដើម្បីបង្កើតបក្ស ជាពិសេសមនុស្សរបស់ លោក សម រង្ស៊ី គឺមិនបានទេ ។ ពួកគេខិតខំតស៊ូដោយលំបាកណាស់ជាង២០ឆ្នាំ ទម្រាំបាន២៦កៅអី ។ បាន២៦ហើយ ត្រូវធ្វើពលិកម្មចែកស្មើជាមួយ ៣កៅអីទៀត ។ ទីបំផុតហេតុអីត្រូវឲ្យពួក៣កៅអីលោក កឹម សុខា យកទៅបំផ្លាញចោលដូច្នេះ !? គេខកចិត្តខ្លាំងណាស់ !
ប្រទេសជាតិមួយរុងរឿង គឺដោយសារគុណភាពពលរដ្ឋទាំងថ្នាក់ដឹកនាំ និងប្រជាជន។ គណបក្សមួយថ្លៃថ្នូរក៏ដូចគ្នា គឺអាស្រ័យលើអ្នកដឹកនាំ និងសមាជិក ដែលមានលក្ខណៈគុណសម្បត្តិល្អ មានសមត្ថភាព មានវិន័យ និងមានសីលធម៌ល្អ។ ប៉ុន្តែសង្គ្រោះជាតិ គឺចប់ហើយ ដាំក្បាលចុះហើយ ! រូបភាពស្តែងឲ្យឃើញតាមរយៈលោក កឹម សុខា៖ គ្មានទាំងគុណសម្បត្តិ គ្មានទាំងភាពជាគំរូ គ្មានទាំងសីលធម៌ គ្មានសេចក្តីសេចក្តីក្លាហាន គ្មានសេចក្តីថ្លៃថ្នូរ ... មានតែមួយមុខគត់ គឺសមត្ថភាពខ្ពស់បំផុតខាងផ្លូវភេទ sic !
គេបានវាយតម្លៃរួចហើយថា ទាំងសមត្ថភាពនិងរាងកាយសម្បទា គឺ កឹម សុខា គ្មានលក្ខណៈសម្បត្តិជាមេដឹកនាំនោះទេ។ កឹម សុខា ត្រឹមជាជនសម្ភារៈនិយម ជនឱកាសនិយម ជនគ្រួសារនិយម និងជនកាមតណ្ហានិយមប៉ុណ្ណោះ ។ ឥឡូវនេះ កុំថាឡើយ មហិច្ឆតា «សង្គ្រោះជាតិ» សូម្បីសង្គ្រោះបញ្ហាផ្ទៃ ផ្ទាល់ខ្លួនមិនបានផង !
«រឿងនេះលោក សម រង្ស៊ី ខកចិត្តបំផុត ! អតីតថ្នាក់ដឹកនាំ សម រង្ស៊ី ក៏ខកចិត្តបំផុតដែរ ! ចំពោះអតីតសមាជិក សកម្មជន សម រង្ស៊ី និងសង្គ្រោះជាតិ គឺអស់ជំនឿតែម្តង ! រាល់ថ្ងៃលោក កឹម សុខា លាក់មុខក្នុងបន្ទប់៤ម៉ែត្រ ៤ជ្រុង ! ក្នុងតែរយៈពេលខ្លី ក្រោមស្នាដៃលោក កឹម សុខា និង ក្រុមគ្រួសារ គឺក្តីសង្ឃឹមរបស់ លោក សម រង្ស៊ី និង ជោគវាសនាគណបក្សសង្គ្រោះជាតិទាំងមូលលែងមានន័យអ្វីទាំងអស់ !» នេះបើយោងតាមសម្តីមន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិថ្លែងឲ្យដឹងយ៉ាងដូច្នេះ៕