(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃកន្លង ក្រោមបទបញ្ជាយ៉ាងដាច់ណាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការបញ្ជាផ្ទាល់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាព ក្រុង ស្រុក នៅក្នុងខេត្តព្រះវិហារ បានធ្វើការចុះពិនិត្យណែនាំ និងបង្រ្កាបទីតាំងល្បែងសុីសងតាមអនឡាញ និងល្បែងខុសច្បាប់ផ្សេងៗ នៅក្នុងខេត្តបានចំនួន៦៦ទីតាំង។
ក្នុងនោះទីតាំងលេងល្បែងឆ្នោតឡូតូ ឆ្នោតយួន បានចំនួន៣៣ទីតាំង ល្បែងសុីសងជល់មាន់តាមអនឡាញ បានចំនួន៣១ទីតាំង និងល្បែងកន្ទុយលេខបានចំនួន២ទីតាំង នៅទូទាំងខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ដោយបានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់លេងល្បែងទាំងស្រុង និងរុះរើឧបករណ៍តាំងនោះចេញ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន លោក គីម រិទ្ធី បានបញ្ជាទៅដល់ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាពិសេសអភិបាលក្រុងស្រុកទាំង៨ ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដោយចុះទៅអប់រំណែនាំ និងបញ្ឈប់ទីតាំងល្បែងខុសច្បាប់នានា នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ ហើយបើករណីនៅតែលួចបើកដំណើរការបន្ត គឺត្រូវតែបង្រ្កាបតែម្ដង។
គួររំលឹកផងដែរថា តាមរយៈសារសម្លេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ បានចេញបញ្ជាដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្រ្កាបឱ្យអស់នូវល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។ក្នុងនោះសម្តេចតេជោក៏បានធ្វើការព្រមានដក អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទី ភារកិច្ច បណ្តោយឱ្យល្បែងសុីសងរីកសាយភាយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕