(ភ្នំពេញ)៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះចំនួន៤ទីតាំង ស្ថិតនៅផ្លូវលេខ៤៧៤ និងលេខ៤៧២ សង្កាត់ទួលទំពូងទី១ និងសង្កាត់បឹងត្របែក ដែលល្បីថាមានលេងល្បែងស៊ីសង ប៉ុន្តែរកមិនឃើញបទល្មើសនោះទេ និងណែនាំម្ចាស់ទីតាំងសូមកុំឱ្យលួចបង្កប់ល្បែងស៉ីសងខុសច្បាប់ជាដាច់។
សម្រាប់ទីតាំងតារាងបាល់ទះទាំង៤ខាងលើ ពុំមានសម្ភារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់នោះទេ ប៉ុន្តែមានលេងបាល់ទះ, តារាងវាយប៊ូល, តាបប៊ីយ៉ែរ តែប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌក៏បានណែនាំដល់តំណាងម្ចាស់តារាងខាងលេី កុំឱ្យមានប្រព្រឹត្តល្បែងស៊ីសង ភ្នាក់ដាក់លុយ នៅក្នុងទីតាំងនេះជាដាច់ខាត ក្នុងករណីម្ចាស់តារាងមិនបានអនុវត្តតាមខ្លឹមសារណែនាំខាងលេី រដ្ឋបាលខណ្ឌនឹងចុះអនុវត្តតាមវិធានការរដ្ឋបាល។
ដោយឡែកសម្រាប់ទូរទស្សន៍ និងសម្ភារៈ ពាក់ព័ន្ធនឹងឆ្នោតឡូតូ ចំនួន១ឈុត ក្រុមការងាររកម្ចាស់មិនឃេីញ ត្រូវបានក្រុមការងារសម្រេចដកហូតសម្ភារខាងលេីនេះ ប្រគល់ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕