(ស្ទឹងត្រែង)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង បានដុតកម្ទេចចោលឧបករណ៍អាវុធកែច្នៃ, អន្ទាក់គ្រប់ប្រភេទ ដែលមន្ត្រីប្រមូលចេញពីក្នុងព្រៃធម្មជាតិនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ដើម្បីធ្វើយ៉ាងណែនាំដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសត្វព្រៃ និងលុបបំបាត់អន្ទាក់នៅក្នុងព្រៃធម្មជាតិ។

ពិធីនេះប្រព្រឹត្តធ្វើឡើងនៅភូមិសៀមបូក ឃុំសៀមបូក ខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីគណៈប្រតិភូក្រសួងបរិស្ថាន, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលពីសំណាក់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋមួយចំនួនផងដែរ។

បើតាមលោក ស្រេន ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា សម្រាប់វត្ថុតាងដែលត្រូវកម្ទេចចោលនាពេលនេះរួមមាន៖ កាំភ្លើងកែច្នៃ (ខ្យល់) ៣១ដើម, កាំភ្លើងកែច្នៃ (កាបិន) ៦៤ដើម, ស្នាតេះ ៦១ដើម, ក្បាលឆក់ ៧១គ្រឿង, ខ្សែអន្ទាក់ ៣.៣២៧ខែ្ស, ម៉ងដាក់ស្វា ២៦ត្បូង, ដាយ ៦០ម៉ែត្រ និងអង្គប់ ៥៨ អង្គប់

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានលើកឡើងថា យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឱ្យប្រពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ប្រជាពលរដ្ឋពីការបរបាញ់សត្វឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី និងចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

លោក សាយ សំអាល់ បានបន្តថា វត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃ គឺកើតឡើងដោយសារតែមានតម្រូវបរិភោគសត្វព្រៃ ទើបជំរុញឱ្យមានការកើនឡើងនូវការដាក់អន្ទាក់ និងបរបាញ់សត្វ។ ដោយនេះបញ្ហារួមមួយដែលក្រសួងបរិសា្ថន គិតគូរបង្ការ និងទប់ស្កាត់ នូវសកម្មភាពការដាក់អន្ទាក់យកសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិដែលសំខាន់ៗ ដើម្បីកុំឱ្យមានការកើនឡើងនូវចំនួនការបាត់បង់សត្វដ៏កម្រជាបន្តទៀត។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ជំរុញអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់នឹងរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ជាមួយគ្នានេះក្រសួងនឹងជំរុញឱ្យសហគមន៍ នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សាយ សំអាល់ នឹង គណះប្រតិភូ និងលោកអភិបាលខេត្ត បានបន្តដំណើរចុះពិនិត្យការចិញ្ចឹមពូជសត្វគោ នៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់សៀមបូក៕