(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នេះ លោក រ៉ូហ្វី អូស្មាន តំណាង រាស្ត្រ មណ្ឌល ពោធិ៍សាត់ និងលោក សារី កោសល្យ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បាន អញ្ជើញ ជួបសំណេះសំណាល និង ចែក អំណោយ របស់ ធនាគារ អភិវឌ្ឍន៍ ឥស្លាម (lsDB) តាមរយៈ អង្គការ មូលនិធិ អភិវឌ្ឍន៍ មុស្លិមកម្ពុជា (CMDF) ជូនប្រជាពលរដ្ឋ ចំនួន ៤០០គ្រួសារ (កន្លែងទី១) ស្ថិត នៅ ភូមិ រលាំង ឃុំកញ្ជរ ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ ។
ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន ក៏បាននាំនូវសេចក្តីនឹករលឹក ពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។
លោកបានលើកឡើងថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទេីបធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗជាច្រើនទៀត។
លោក រ៉ូហ្វី អូស្មាន បានបន្តទៀតថា យើងពិតជាមានសំណាងខ្លាំងណាស់ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងមានប្រាជ្ញាវាងវៃដែលជួយឲ្យប្រទេសកម្ពុជាឆ្លងផុតពីដំណាក់កាលដ៏សែនលំបាកពីសម័យសង្រ្គាមទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានសុខសន្តិភាពរហូតដល់សព្វថ្ងៃ។ ក៏ដូចគ្នាដែរ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជារួចផុតពីជំងឺកូវីដ-១៩ ដែលរីករាលដាលជាសាកលលោក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងធ្វើឲ្ហប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងលេខ២ ទូទាំងពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
លោក រ៉ូហ្វី អូស្មាន បានបន្តទៀតថា នាពេលកន្លងទៅ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) ដែលជាអគ្គលេខាធិការអង្គការ RABITA បានមកទស្សនកិច្ចនៅកម្ពុជា និងបានកោតសរសើរដល់ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព សុខដុមនីយកម្ម ដោយគ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លោកថាប្រទេសកម្ពុជា ជាប្រទេសដែលគួរយកជាគំរូសម្រាប់ពិភពលោកផងដែរ។
លោក រ៉ូហ្វី អូស្មាន រំលឹកថា សម្តេសតេជោ លោកបានផ្តល់ឱកាសដល់សាសនិកអុីស្លាមទូទាំងប្រទេសនូវគ្រូក្របខណ្ឌខ្មែរឥស្លាម ចំនួន ១,៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាមចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារនិងដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ។
ក្នុងនាមខ្មែរឥស្លាម ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមដឹងគុណដ៏សែនថ្លៃថ្លានេះ ហើយនឹងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យដឹកនាំប្រទេសកម្ពុជាជារៀងរហូត ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
នារសៀល ថ្ងៃដដែលនេះ លោក រ៉ូហ្វី អូស្មាន តំណាង រាស្ត្រ មណ្ឌល ពោធិ៍សាត់ បានដឹកនាំគណប្រតិភូបន្តដំណេីរចុះជួបខ្មែរឥស្លាម និង ចែក អំណោយ ខាងលើ ជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារផ្សេងទៀត ស្ថិត នៅ ភូមិ កូន ត្នោត ឃុំរំលេច ស្រុក បាកាន ខេត្ត ពោធិ៍សាត់។
សូមជម្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ប្រេងឆា២លីត្រ, ស្ករស២គីឡូក្រាម, មីខ្លាឃ្មុំ ១០កញ្ចប់, ត្រីខ៤កំប៉ុង, អំបិល១គីឡូក្រាម, សាប៊ូដុសខ្លួន៤ដុំ និងសាប៊ូលាងចាន ១ដប៕