(ភ្នំពេញ)៖ សមាគមមិត្តយើង ចាប់ផ្តើមបើកយុទ្ធនាការ «សក់ និងសម្រស់របស់មិត្តយើង» ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត់ ដោយពុំគិតប្រាក់។
យុទ្ធនាការនេះរៀបចំឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការចូលរួមពីលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើង។
លោក ហេង សួរ បានថ្លែងថា កម្មវិធី «សក់ និងសម្រស់របស់មិត្តយើង» រៀបចំឡើងក្នុងគោលបំណង ដើរតួជាស្ពានដ៏សំខាន់ ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ដល់បងប្អូន មានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈដូចជា ការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ដល់អ្នកកង្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ពុំមានឱកាស ឬជួបការលំបាក ក្នុងការទទួលបានសេវាកម្មមួយនេះ ពោលកម្មវិធីមួយជាការឆ្លើយតប នឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យ កាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបន្ដថា រយៈពេលជិត១ឆ្នាំនៃការអនុវត្តយុទ្ធនាការ «សក់ និងសម្រស់របស់មិត្តយើង» នៅតាមបណ្តា រាជធានីខេត្តទាំង២៥ខាងមុខនេះ លោកលេខាធិការជឿជាក់យ៉ាងមុតមាំថា ដៃគូសហការរបស់សមាគមមិត្តយើងទាំងអស់ នឹងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្ម ដល់អ្នកដែលខ្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ហើយនឹងចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយសមាគមមិត្តយើង ដើម្បីផ្សព្វផ្សាយឲ្យបានទូ លំទូលាយអំពីចំណេះដឹងបច្ចេកទេសវិជ្ជាជីវៈផ្នែកសក់ និងសម្រស់ទៅដល់សិស្សានុសិស្សដែលមាន បំណងចង់ចាប់យកជំនាញមួយនេះ។
លោក ឡា វិបុល នាយកសាលាជំនាញសក់ និងសម្រស់ មានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) បានថ្លែងថា ថ្ងៃនេះបានដឹកនាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយសមាគមមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលនូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។
លោកបន្ថែមថាកម្មវិធី «សក់ និងសម្រស់របស់មិត្តយើង» មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ចំនួន៣០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូនកម្មករនិយោជិតនៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានអញ្ជើញមករួមផ្ទាល់ក្នុងថ្ងៃនេះ ឲ្យទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ។
សូមជម្រាបថាបន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែកជា កញ្ចប់ជំនួយមិត្តយើង ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចូលរួមនាពេលនេះ ដោយក្នុង១នាក់នឹងទទួលបានកញ្ចប់ជំនួយមិត្តយើង១កញ្ចប់ ដើម្បីសម្រួលជីវភាពបន្ថែម៕