(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា ឡាវ និងវៀតណាម និង សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (ស.អ.ក.ក-CAMKAA) បានរៀបចំ សិក្ខាសាលាចែករំលែកចំណេះដឹងលើកទី១ សម្រាប់កម្ពុជា ឡាវ និងវៀតណាម។ សិក្ខាសាលានេះ បានធ្វើឡើងនៅសណ្ឋាគារហៃយ៉ាតរីជិនស៊ីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កម្មវិធីជួបជុំប្រចាំឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំនៅកម្ពុជា លោក អ៉ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងបុគ្គលិក និងអតីតម្មសិក្សាការីពីកយកាឡាវ និងវៀតណាម។

សិក្ខាសាលានេះមិនត្រឹមតែជាការប្រមូលផ្តុំអតីតនិស្សិតមកពីប្រទេសទាំងបីប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាកន្លែងចែករំលែកចំណេះដឹងពីអតីតម្មសិក្សាការីនៃប្រទេសទាំងបី ព្រមទាំងជាស្ពាន ដើម្បីឱ្យមានទំនាក់ទំនងល្អជាមួយសមាជិកកាំកា អតីតម្មសិក្សាការីរបស់កយកា និងពង្រីក និងពង្រឹងចំណងមិត្តភាពរវាងកយកានៃប្រទេសទាំងបី។

ក្នុងនោះមានមន្ត្រីរដ្ឋាភិបាលប្រមាណជា ១០០នាក់ មកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានចូលរួម ដោយមានទឹកចិត្តសប្បាយរីករាយជាមួយកម្មវិធីអប់រំ និងកម្មវិធីចែករំលែកវប្បធម៌ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនមានដូចខាងក្រោម៖

១៖ សុន្ទរកថាស្វាគមន៍ដោយ លោក នោ ហ្យន់ជូន (RHO Hyunjun)
២៖ សុន្ទរកថាបើកដោយ លោក អ៉ឹម សួរ
៣៖ បទបង្ហាញអំពីប្រទេសទាំងបី
៤៖ ការធ្វើបទបង្ហាញលើប្រធានបទទី១ បំរែបំរួលអាកាសធាតុ
៥៖ ការធ្វើបទបង្ហាញលើប្រធានបទ រដ្ឋាភិបាលអេឡិចត្រូនិក និងប្រធានបទទី២ សមភាពយេនឌ័រ
៦៖ មតិយោបល់ពីប្រធានដំណាងប្រទេសរបស់កយកា និងតំណាងអតីតម្មសិក្សាការី
៧៖ របាយការណ៍អំពី CAMKAA សម្រាប់ឆ្នាំ២០២២។

សូមរំលឹកថា នេះជាលើកទីមួយហើយដែលកយកាកម្ពុជា មានកិត្តិយសរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងលើកទី១ កម្ពុជា ឡាវ និងវៀតណាម៕