(ភ្នំពេញ)៖ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បិតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខឱ្យមកទទួលផលបុណ្យទាំងនេះ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោកស្រី បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ និងកងកម្លាំង រៀបចំពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី១១ និងសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ក្នុងបរិវេណវត្តមហាមន្រ្តី ស្ថិតក្នុងសង្កាត់អូឡាំពិក។
សូមរំលឹកថា ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំងប្រទេសកម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យជឿបាប ជឿកម្មផល។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។
សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យរំភើបរីករាយពន់ប្រមាណ ៕