(ភ្នំពេញ)៖ លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត (Foroogh Foyozat) ប្រធានតំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ និងតំណាងអង្គការ UNICEF ប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។
លើសពីនោះ លោកស្រីបានគូសបញ្ជាក់ថា UNICEF នឹងផ្ដល់ម៉ាស៊ីនអុកស៊ីសែនចំនួន ៣៦គ្រឿងបន្ថែម ដែលនឹងដឹកមកដល់កម្ពុជា នៅឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលបានផ្ដល់ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន១គ្រឿងរួចមកហើយ នៅខេត្ដព្រះវិហារ។
ការថ្លែងដូច្នេះរបស់លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត ក្នុងឱកាសទទួលបានការអនុញ្ញាត ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហង ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដែលលោកស្រីនឹងត្រូវបញ្ចប់អាណត្ដិជាប្រធានតំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជាមួយគ្នានោះលោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ក្នុងការអនុវត្ដគម្រោងនានា ដែលគាំទ្រ UNICEF ។លើសពីនោះ UNICEF បានថ្លែងកោតសរសើរក្រសួងសុខាភិបាល ដែលបានកាត់បន្ថយបានយ៉ាងច្រើននូវបញ្ហាក្រិះក្រិនរបស់កុមារ ។
ក្នុងជំនួបនោះ ភាគីកម្ពុជា និងUNICEF បានពិភាក្សាគ្នា ក្នុងការជំរុញកម្មវិធីអាហារូបត្ថម្ភ ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។ ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានផ្ដល់អនុសាសន៍ដល់ UNICEF ក្នុងការលើកកម្ពស់ និងជំរុញនូវកម្មវិធីថែទាំសុខភាពបឋម ដើម្បីធ្វើឱ្យកាន់តែមានភាពប្រសើរឡើងនៃកម្មវិធីអាហារូបត្ថម្ភ និងការលើកកម្ពស់ការអប់រំសុខភាពដល់ប្រជាជន ដូចជាការផ្ដល់ចំណេះដឹងដល់មាតា និងកុមារ ដោយផ្ដោតសំខាន់លើការបំបៅកូនដោយទឹកដោះម្ដាយមួយមុខគត់ ក្រោយសម្រាល រហូតដល់ ៦ខែ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់អង្គការ UNICEF ដែលតែងតែឧបត្ថម្ភ គាំទ្រ និងសហការជាមួយក្រសួងសុខាភិបាល លើកម្មវិធីសុខភាពមាតា និងទារក កម្មវិធីអាហារូបត្ថម្ភ និងកម្មវិធីសុខភាពសាធារណៈទូទៅ។
ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់ UNICEF ក្នុងកំលុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដែលបានឧបត្ថម្ភគាំទ្រ សហការយ៉ាងពេញទំហឹងជាមួយក្រសួងសុខាភិបាល ជាពិសេសក្នុងការផ្ដល់សម្ភារៈបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដូចជាសម្លៀកបំពាក់សុវត្ថិភាពសម្រាប់គ្រូពេទ្យ (PPE), ម៉ាស និងសម្ភារៈផ្សេងៗទៀត លើសពីនោះ ជួយសម្របសម្រួលក្នុងការផ្គត់ផ្គង់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងផ្ដល់នូវជំនួយប្រព័ន្ធត្រជាក់សម្រាប់ថែរក្សា និងបញ្ជូនវ៉ាក់សាំងផងដែរ៕