(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានប្រគល់កញ្ចប់នៃក្តីស្រឡាញ់ចំនួន១២៤០កញ្ចប់ ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកតាមាក់ ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.។
ឯកឧត្តម ប៉ៃ សំបូរ បានរំលេចពីទំនាក់ទំនងដ៏ល្អជាមេត្រីភាពរវាងសង្គមស៊ីវិលនៃប្រទេសកម្ពុជា-ចិន ដែលមាន វ.ស.ស. ជាស្ថាប័នសម្របសម្រួលក្នុងការស្វះស្វែងរកនូវប្រភពជំនួយសម្រាប់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការ វ.ស.ស. បានបញ្ជាក់បន្ថែមថា ជំនួយដែល វ.ស.ស. បានកៀរគរនាពេលកន្លងមក បានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដែលរួមមានការសាងសង់អគារសិក្សា អគារមណ្ឌលសុខភាព ការជួសជុលផ្លូវថ្នល់ ប្រឡាយទឹក ការស្ថាបនាស្ថានីយទឹកស្អាត ការផ្តល់អំពូលអគ្គសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ការពិនិត្យសុខភាពភ្នែក ការពិនិត្យសុខភាពបេះដូង ការជីកអណ្តូងទឹកស្អាត និងការរៀបចំភូមិគំរូកាត់បន្ថយភាពក្រីក្រជាដើម។ ជាក់ស្តែង ការផ្តល់អំណោយសប្បុរសធម៌ជូនសិស្សានុសិស្សសាលាបឋមសិក្សាព្រែកតាមាក់នាថ្ងៃនេះ ដែលជាផ្នែកមួយនៃកម្មវិធីឧបត្ថម្ភនូវ «កញ្ចប់នៃក្តីស្រឡាញ់» ចំនួន ១០.០០០កញ្ចប់ ក្រោមគំនិតផ្តួចផ្តើមរបស់ វ.ស.ស. និងទទួលបានការគាំទ្រពីសំណាក់មូលនិធិចិន CFPD នឹងចូលរួមចំណែកដល់ការសម្រាលបន្ទុកជីវភាពគ្រួសាររបស់សិស្សក្រីក្រនៅតាមមូលដ្ឋាន ជាពិសេសក្នុងស្ថានភាពនៃការរស់នៅស្ថិតក្នុងបរិបទកូវីដ-១៩។
លោក ផាន សុភ័ក្រ្ត នាយកសាលាបឋមសិក្សាព្រែកតាមាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ CFPD ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះ វ.ស.ស. ដែលបានផ្តល់កញ្ចប់នៃក្តីស្រឡាញ់ដល់សិស្សចំនួន ១២៤០កញ្ចប់ ដោយសិស្សម្នាក់ៗទទួលបាននូវថង់ក្រណាត់បរិស្ថានចំនួន១ អង្ករចំនួន៥គីឡូក្រាម ត្រីខចំនួន៥កំប៉ុង មីឡូចំនួន៥ដប ដបទឹកចំនួន១ ប្រអប់ដាក់បាយចំនួន១ និងម៉ាសចំនួន១ប្រអប់។