(សៀមរាប)៖ អភិបាលរងខេត្តសៀមរាបចំនួន៤រូប និងនាយករដ្ឋបាល១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះមានចូលការរួមពីសំណាក់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ ស្រុក ក្រុង និងឃុំ សង្កាត់ជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានក្ដីសង្ឃឹមថា លោកអភិបាលរងខេត្តថ្មីទាំង៤រូប និងនាយករដ្ឋបាល១រូប នឹងខិតខំប្រឹងប្រែងតួនាទី និងភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព បទពិសោធ ដែលមានពីមុន ដើម្បីចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្តថែមទៀត។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានស្នើរដល់ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ ស្រុក ក្រុង និងឃុំ សង្កាត់ និងប្រជាជនក្នុងខេត្ត ផ្តល់ការគាំទ្រដល់លោក លោកស្រីអភិបាលរងខេត្តថ្មីទាំង៤រូប និងនាយករដ្ឋបាល១រូប ដើម្បីរួមគ្នាបន្តពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នឹងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្តទៀត។
អភិបាលរង និងនាយករដ្ឋបាលថ្មី បានឡើងប្ដេជ្ញាចិត្ត ដោយដំបូងបានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងនាយករដ្ឋបាលសាលាខេត្ត។
ជាមួយគ្នានោះ លោក លោកស្រីអភិបាលរងខេត្តថ្មី និងនាយករដ្ឋបាល ក៏បានប្តេជ្ញាខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង និងបទពិសោធន៍ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកសាមគ្គីផ្ទៃក្នុងបង្កើនកិច្ចសហប្រតិបត្តិការ និងសហការឲ្យបានល្អប្រសើរជាមួយថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រសួង ស្ថាប័ន មន្រ្តីជំនាញ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ភូមិកម្លាំងប្រដាប់អាវុធទាំងបី ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តសៀមរាបទាំងមូល ឲ្យមានការរីកចម្រើនថែមទៀតសំដៅកាត់បន្ថយភាពក្រីក្រ។
សូមបញ្ជាក់ផងដែរ អភិបាលរងខេត្តថ្មីចំនួន៤រូប និងនាយករដ្ឋបាលសាលាខេត្ត១រូប រួមមានទី១ លោក សុខ ថុល ជានាយករដ្ឋបាលខេត្ត ឡើងជាអភិបាលរងខេត្ត ទី២ លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ឡើងជាអភិបាលរងខេត្ត ទី៣ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ឡើងជាអភិបាលរងខេត្ត ទី៤ លោក យុន លីនណេ មន្រ្តីរដ្ឋបាលក្រសួងមហាផ្ទៃ ឡើងជាអភិបាលរងខេត្ត។ ចំណែកលោក លោក លី វណ្ណៈ នាយករងរដ្ឋបាលខេត្ត ឡើងជានាយករដ្ឋបាល៕