(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចពេញចិត្តក្នុងជីវិតជានាយករដ្ឋមន្រ្តី បើទោះបីត្រូវធ្វើការ ងារដ៏លំបាក និងមមាញឹកក៏ដោយ ព្រោះកិច្ចការទាំងនេះ ធ្វើឲ្យសម្តេចបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជា។
នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ដែលជាថ្ងៃឈប់សម្រាក់នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពលេងកីឡាវាយកូនគោលចំនួន ១០សន្លឹក ជាមួយការបង្ហាញនូវការងារមួយចំនួន ដែលសម្តេចត្រូវធ្វើនៅថ្ងៃអាទិត្យ ថ្ងៃចន្ទ និងអង្គារ។ សម្តេចតេជោ បានបញ្ជាក់ថា នៅ ព្រឹកថ្ងៃអាទិត្យនេះ សម្តេចមានពេល៣ម៉ោងសម្រាប់លេងកីឡា ហើយពេលល្ងាច សម្តេចនឹងមានការងារជាមួយភ្ញៀវបរទេស។ ដោយឡែក នៅថ្ងៃចន្ទ និងថ្ងៃអង្គារ៍ សម្តេចត្រូវចុះទៅចូលរួមកម្មវិធីនៅតាមខេត្ត។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា «នេះហើយជាជីវិតពិតប្រាកដ របស់នាយករដ្ឋមន្ត្រី តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការដ៏លំបាកនេះ ព្រោះបានរួម សុខរួមទុក្ខជាមួយប្រជាជនតាំងពីក្រុងភ្នំពេញ មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ស៊ីអត់ស៊ីឃ្លាន ទម្រាំប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ»។
សូមជម្រាបថា នៅព្រឹកថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ទើបតែបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកពីបំពេញទស្ស នកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ នៅប្រទេសម៉ាឡេស៊ី ដោយនាំមកនូវសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី២៦ ឆ្នាំ២០១៧ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ាឡេស៊ីជាច្រើនទៀត៕