(ភ្នំពេញ)៖ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះនឹងបិទបញ្ចប់សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០០២ទាំងមូល ក្រោយពេលដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន រហូតដល់ការជំនុំជម្រះ និងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ឬហៅថា សាលាក្តីខ្មែរក្រហម ថ្លែងថា សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារសំខាន់ដែលបណ្តុំទៅដោយអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ៤រូប ជាជនជាប់ចោទ រួមមានទី១៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហម, ទី២៖ លោក ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម, ទី៣៖ លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម និងទី៤៖ លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅចុងបញ្ចប់នៃសំណុំរឿងនេះ ជនជាប់ចោទ ១រូប ក្នុងចំណោម ៤រូប គឺអតីតប្រធានគណៈប្រធានរដ្ឋ ខៀវ សំផន បច្ចុប្បន្ននេះ មានអាយុ៩១ឆ្នាំ នៅរស់រានមានជីវិត និងបានចូលរួមក្នុងដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង ខណៈជនជាប់ចោទ ៣រូបផ្សេងទៀតរួមមាន៖ លោក អៀង សារី (ស្លាប់ខែមីនា ឆ្នាំ២០១៣) និងលោកស្រី អៀង ធីរិទ្ធ (ស្លាប់នៅខែសីហា ឆ្នាំ២០១៥ ក្រោយរកឃើញថាមានជំងឺវង្វេងវង្វាន់បាត់ការចងចាំ) បានស្លាប់នៅក្នុងដំណើរការនីតិវិធីជំនុំជម្រះ រីឯលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហមមានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់នៅក្នុងដំណាក់កាលបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សាលដីកាសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន គឺជាសាលដីចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងបេសកកម្មស្វែងរកការពិតនិងយុត្តិធម៌ជូនជនរងគ្រោះកម្ពុជាតាមរយៈការជំនុំជម្រះក្តីប្រឆាំងទៅលើជនពីរជំពូកគឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើឧក្រិដ្ឋកម្ម ដែលបាន ប្រព្រឹត្តឡើងនៅ ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលក្នុងនោះពលរដ្ឋខ្មែរចន្លោះ ១,៧លាន ទៅ ២,២លាននាក់ បានស្លាប់បាត់បង់ជីវិតដោយអំពើអមនុស្សផ្សេងៗ។ នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយ ទៀតរបស់តុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិ និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជន កម្ពុជាជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម ដែលបានទទួលនូវសាលដីកាថ្មីមួយទៀត និងជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ។

លោកបានបន្តថា អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅសាលសវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
នៅក្នុងរយៈពេល ៤ថ្ងៃនៃសវនាការលើបណ្តឹងសាទុក្ខ ចៅក្រមនៃអង្គជំនុំជម្រះតុលាការកំពូលបានស្តាប់ទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ភាគីបណ្តឹងសាទុក្ខរួមមានក្រុមមេធាវីការពារក្តីឱ្យជនជាប់ចោទ ខៀវ សំផន សការិយាល័យហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាងដើមបណ្តឹង រដ្ឋប្បវេណីដោយមានប្រធានបទសំខាន់ៗរួមមាន៖

*ទី១៖ ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី ត្រូវចាប់ផ្តើមជាមួយទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ពាក់ព័ន្ធនឹងសុពលភាពនៃសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង និងរួមទាំងការពិចារណាជាទូទៅពាក់ព័ន្ធនឹងគោលការណ៍នីត្យានុកូលភាព
*ទី២៖ យុត្តាធិការរួមបញ្ចូលប្រធានបទតូចៗស្តីពីការបញ្ជូនសំណុំរឿង/វិសាលភាពនៃកិច្ចស៊ើបសួរតាមផ្លូវតុលាការ ភាពគ្រប់គ្រាន់នៃបទចោទក្នុងដីកាដំណោះស្រាយ យុត្តាធិការលើកម្មវត្ថុនៃរឿងក្តី អង្គហេតុដែលត្រូវបានដកចេញតាមរយៈកិច្ចដំណើរការបំបែកនីតិវិធី។
*៣៖ បទឧក្រិដ្ឋរួមបញ្ចូលប្រធានបទតូចៗស្តីពីច្បាប់ (និយមន័យ និងធាតុផ្សំ) ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋដែល ខៀវ សំផន ត្រូវបានសម្រេចដាក់ពិរុទ្ធ ព្រមទាំងបញ្ហានីត្យានុកូលភាពពាក់ព័ន្ធនិង៤៖ វគ្គបិទសវនាការរួមបញ្ចូលបទបង្ហាញសង្ខេបបដិសេធរបស់មេធាវីការពារក្តី ព្រមទាំងឱកាសសម្រាប់ ខៀវ សំផន ថ្លែងទៅកាន់អង្គជំនុំជម្រះដោយផ្ទាល់នៅក្នុងអំឡុងពេលសវនាការលើបណ្តឹងសាទុក្ខ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រោយពេលសវនាការលើបណ្តឹងសាទុក្ខកាលពីខែសីហា ឆ្នាំ២០២១ អង្គជំនុំជម្រះតុលាការកំពូលបានប្រើប្រាស់ពេលវេលារបស់ខ្លួនមួយឆ្នាំដើម្បីសរសេរសាលដីកា ដែលនឹងប្រកាសនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសវនាការរបស់ សាលាក្តីខ្មែរក្រហមចាប់ពីម៉ោង ៩កន្លះព្រឹកតទៅ និងមានការផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។ លោកបានលើកឡើងថា ពិភពលោកបាននឹងកំពុងទន្ទឹងរង់ចាំនូវការប្រកាសសាលដីកាលើបណ្តឹងសាទុក្ខនេះថាតើនឹងធ្វើមោឃភាពលើសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ឬបន្ធូរបន្ថយទោសតាមការស្នើសុំរបស់ជនជាប់ចោទ ខៀវ សំផន ឬតម្កល់សាលក្រមរបស់សាលាដំបូង។

ប្រធានផ្នែកកិច្ចការសាធារណៈ នៃសាលាក្តីខ្មែរក្រហមបានរំឭកពីការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា ក្រោយការសម្រេចសេចក្តីលើសំណុំរឿងនេះ អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហម បានរួមបញ្ចូលគ្នានៃការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន ឱ្យជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួត។ សម្រាប់ជនជាប់ចោទម្នាក់។ ខៀវ សំផន និង នួន ជា បានប្រកាសប្តឹងសាទុក្ខទៅកាន់អង្គជំនុំជម្រះតុលាការកំពូល ហើយអង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានចេញដីកាកំណត់កាលបរិច្ឆេទបើកសវនាការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ដោយឡែកសំណុំរឿងរបស់ជនជាប់ចោទ នួន ជា ត្រូវបានបិទបញ្ចប់ក្រោយពេលដែលលោកបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបានរកឃើញមានពិរុទ្ធ ភាពក្នុងសំណុំរឿង ០០២/០១ ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕