(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំងអស់នៅទូទាំងខេត្ត ត្រូវខិតខំប្រឹងប្រែងបង្ក្រាបល្បែងស៉ីសងខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន ដោយត្រូវគោរពឲ្យបាននូវអនុសាសន៍ណែនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងកិច្ចប្រជុំត្រៀមផែនការការពារពិធីភ្ជុំបិណ្ឌ អុំទូកខេត្ត និងផ្សព្វផ្សាយផែនការរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក គង់ សោភ័ណ្ឌ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តកណ្ដាល បានបង្ក្រាបទីតាំងលួចបើកល្បែងស៉ីសងខុសច្បាប់ ចំនួន១,១៤៦ទីតាំង ហើយសមត្ថកិច្ចត្រូវបន្ដតាមដានខ្លាចក្រែងលួចបើកឡើងវិញ។
លោកអភិបាលខេត្តបានបន្ដទៀតថា ល្បែងស៊ីសងគ្រប់ប្រភេទនេះហើយ ជាដើមចមនាំឲ្យកើតអំពើហិង្សានៅក្នុងគ្រួសារ បទល្មើសជាច្រើនកើតឡើងដូចជា ចោរលួច ចោរប្លន់ ជាដើមដែលបញ្ហានេះ ត្រូវទប់ស្កាត់ និងបង្ក្រាបឲ្យបានជាដាច់ខាតដោយមិនឲ្យសល់សូម្បីតែមួយទីតាំង។។
លោក គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា «នៅមូលដ្ឋានហាមដាច់ខាតកុំនិយាយឲ្យសោះថា មិនហ៊ានបង្ក្រាបទេខ្លាចប៉ះគេ គេធំ, សូមកុំខ្លាចឲ្យសោះ តែត្រូវធ្វើឲ្យម៉ឺងមាត់បំផុត ហើយក៏កោតសរសើរផងដែរ ចំពោះការបង្ក្រាបបាន ចំនួន១,១៤៦ករណីកន្លងមក តែមិនទាន់អស់ទេ ត្រូវកម្ទេចឲ្យអស់មិនឲ្យសល់សូម្បីមួយករណីជាដាច់ខាត»។
លោកក៏បានព្រមានដល់មន្ដ្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធបទល្មើសខុសច្បាប់ទាំងអស់នេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នេះទេនឹងប្រឈមជាមួយការដកហូតតំណែងឡើយ។ លោកអះអាងថា នៅក្រុង ស្រុកណាដែលមានទីតាំងល្បែងខុសច្បាប់កំពុងពង្វក់នោះ សបញ្ជាក់ឲ្យឃើញពីទំហំសមត្ថភាពរបស់អាជ្ញាធរនៅនោះឯងថា តើអន់ដល់កម្រិតណា?។
ទោះយ៉ាងណា លោក គង់ សោភ័ណ្ឌ ក៏បានទទូចដល់អាជ្ញាធរថ្នាក់ក្រោមទាំងអស់ ត្រូវសហការគ្នាល្អលើការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព តម្លាភាព គុណភាពប្រកបដោយយុត្តិធម៌ ឈរលើឆន្ទៈយ៉ាងមុតមាំសក្ដិសមជាមន្ត្រីល្អ សូមបន្តអនុវត្ត ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ត្រូវធ្វើឲ្យជាប់ដូចភ្លៀងរលឹម ស្រមតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕