(កំពង់ស្ពឺ)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១០ នៅវត្តអង្គដូនទេព ស្ថិតក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងនោះក៏មានការចូលរួមពី លោក ខៀវ ភារិទ្ធ លេខាធិការ, លោក សុខ ប៊ន សមាជិកគណៈកម្មាធិការ, លោក តុង សេង, លោក អ៊ូ សំអួន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងក្រុមការងារចុះជួយ ព្រមទាំងអាជ្ញាធរខេត្ត ស្រុក ឃុំ ប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ទេយ្យទានដែលនាំយកមកប្រគេនព្រះសង្ឃ រួមមាន សាដក, អង្ករ១១បាវ, មីជាតិ៨កេស, ភេសជ្ជៈ គ្រឿងទេសជាច្រើនមុខទៀត រួមជាមួយបច្ច័យកសាងវត្ត ចំនួន៥លានរៀល។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខលោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញមកកម្មវិធីកាន់បិណ្ឌនៅថ្ងៃជាមួយគ្នានោះ ប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាលបំផុត។
ប្រជាពុទ្ធបរិស័ទ បានសម្តែងនូវសេចក្តីសោមនស្ស និងអារម្មណ៍រំភើបក្រៃលែងដែលបានឃើញវត្តមានរបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងថ្នាក់ដឹកនាំ មកដល់វត្តអង្គដូនទេពនៅពេលនេះ៕