(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្ដបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យ មានបង្កប់ល្បែងស៊ីសងអនឡាញ នៅសណ្ឋាគារហុងដា (HONDA Hotel) ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ប្រតិបត្តិការនេះមានការចូលរួមពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង, លោក លី ប៊ុនអេង ស្នងការរងរាជធានីភ្នំពេញ, លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ, លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ, លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ, អភិបាលរង, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងនគរបាលខណ្ឌ, លោកចៅសង្កាត់ផ្សារថ្មី៣ និងលោកនាយប៉ុស្តិ៍ផ្សារថ្មី៣។
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចរកឃើញ បន្ទប់លេខ៧០៤ មានម្ស៉ៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់តូច, អ្នកប្រើប្រាស់ចំនួន៥នាក់ជាជនជាតិចិន និងទូរស័ព្ទដៃ ចំនួន១២រឿង។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដនីតិវិធី៕