(សៀមរាប)៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ជាតំណាងលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលព្រមផ្លាស់ប្តូរ លំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹង សៀមរាប ទៅកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នាឱកាសនោះក៏មានការចូលរួមពីតំណាងក្រសួងផែនការ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, តំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ គាំពារសង្គមកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងចុះពិនិត្យសំណេះសំណាល និងសម្របសម្រួលជំរុញការផ្តល់កិច្ចគាំពារសង្គមផ្សេងៗ និងការផ្តល់បណ្ណ សមធម៌ជូនប្រជាពលរដ្ឋ។
លើកឡើងនាឱកាសនោះលោក រស់ សីលវ៉ា បានឱ្យដឹងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាទទួល បានសុខសន្តិភាពពេញលេញ, ការបង្រួបបង្រួមជាតិ, ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមដែលជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់មិន អាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោក រស់ សីលវ៉ា បានបន្តថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ជាពិសេសការជួយគាំពារគ្រួសារក្រីក្រ និងងាយរង គ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ ជាក់ស្តែងប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលងាយរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារតែវិបត្តិកូវីដ-១៩ ប្រមាណ ៧០ម៉ឺនគ្រួសារ (ស្មើនឹងជិត៣លាននាក់) ទទួលបានការឧបត្តម្ភជាសាច់ប្រាក់ប្រចាំខែចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលកម្ពុជា បានចំណាយអស់ជាង បីពាន់មួយរយប៊ីលាន ស្មើនឹងប្រមាណ ៧៧៥លានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ ដែលជាថវិកាផ្តល់សេវា គាំពារសង្គម ដ៏ធំមួយមិនធ្លាប់មានពីមុនមក។
លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមការងារនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នឹងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា សម្របសម្រួលផ្តល់សេវាគាំពារសង្គមនានាជូនប្រជាពលរដ្ឋ ដែលព្រមផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ តាមរយៈការចេញបណ្ណសមធម៌ (បណ្ណក្រីក្រ) ក៏ដូចជាដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានោះលោករដ្ឋលេខាធិការ ក៏បានស្នើរឱ្យគ្រប់តំណាងភាគីពាក់ព័ន្ធសហការគ្នាដើម្បីសម្រួលដល់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋឱ្យបានរលូន និងបានស្នើ គិតគូរលទ្ធភាពផ្តល់ការគាំទ្រនានា ដោយក្នុងនោះការងារផ្តល់សេវាគាំពារសង្គមដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយការផ្លាស់ប្តូរទីលំនៅផងដែរ។
សូមបញ្ជាក់ជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយមួយចំនួនដើម្បីអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ ដែលនឹងត្រូវផ្លាស់មកតាំងទីថ្មីនៅតំបន់ភូមិធម្មជាតិរុនតាឯកនេះ។ គោលនយោបាយទាំងនោះរួមមាន ការធានានូវការដឹកជញ្ជូនសម្ភារពីទីតាំងចាស់ មកទីតាំងថ្មី, ផ្តល់ថវិកា ១ ២០០ ០០០រៀល ស័ង្កសី៣០សន្លឹក ក្នុងមួយគ្រួសារ ដើម្បីរួមចំណែកកសាងលំនៅឋាន និងផ្តល់សមធម៌ (បណ្ណក្រីក្រ) ទាំងសម្រាប់ពលរដ្ឋ ទើបស្ម័គ្រចិត្តមកថ្មីនៅភូមិត្រពាំងសេស និងទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប និងពលរដ្ឋ ៥៩៤គ្រួសារ ដែលរើមកពីតំបន់មាត់ស្ទឹងសៀមរាប ក្នុងឆ្នាំ២០២០ផង៕