(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូនប្រេងសាំង និងថវិកា ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើរ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បាnកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារ ជូនរដ្ឋបាលខេត្ត។
ជាមួយគ្នានេះ លោកបណ្ឌិតអភិបាលខេត្ត នៅតែបន្តធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បន្តអុនវត្តន៍វិធានការអនាម័យ «៣កុំ ៣ការពារ»។
បន្ថែមពីនេះនៅពេលទៅស្រុកកំណើត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឱ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ណែនាំសូមទៅចាក់ឱ្យបានគ្រប់គ្នា។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត បានអំពាវនាវដល់មន្ត្រីរាការគ្រប់លំដាប់ថ្នាក់ចូលរួមជាមួយពលរដ្ឋឲ្យបានច្រើនកុះករ នូវពិធីបុណ្យអ៊ុទូក ដែលរដ្ឋបាលខេត្តនឹងរៀបចំឡើងនាថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដែលមានការប្រណាំងទូក ការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងកម្មវិធីជាច្រើនទៀត ជាពិសេសចូលរួមកម្មវិធីសប្បាយៗ ពិធីបុណ្យឆ្លងឆ្នាំសកល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្ត។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែរៀបចំពិធីជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌនេះ៕