(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការវរសេនាតូចលេខ១០៥ នគរបាលការពារព្រំដែនគោក ខេត្តព្រះវិហារ, លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយដល់នាយទាហាន និងពលទាហាន នៃវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង ២ គឺជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើតាមរយៈប្រតិភូចុះសួរសុខទុក្ខជូនដល់បងប្អូនជានាយទាហាន និងពលទានហានទាំងអស់ នូវការនឹករលឹក និងការដឹងគុណចំពោះការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ និងបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វរសេនាតូចទាំង២ ដែលតែងតែបានលះបង់កម្លាំងកាយចិត្ត និងប្រថុយអាយុជីវិតធ្វើពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងការពារបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាងនាពេលកន្លងមក ជាពិសេសនៅអំឡុងឆ្នាំ២០០៨ កន្លងទៅ។

ការចុះសួរសុខទុក្ខ និងចែកអំណោយលើកនេះ គឺមិនមែនជាលើកទី១ ឡើយ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយជាធម្មតានៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។

គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ បរិក្ខារ និងគ្រឿងសម្ភារប្រើប្រាស់ផ្សេងៗ ក៏ដូចជាថវិកាមួយចំនួនទៀត ត្រូវបានឧបត្ថម្ភគាំទ្រដល់នាយទាហាន និងពលទាហាន នៃវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនដែលអាក់ខានអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយចាប់តាំងពីឆ្នាំ២០០៨។

ក្នុងឱកាសនេះ សម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងមូល, ការចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់នាយទាហាន និងពលទាហាន នៃអង្គភាពទាំងពីរនេះ គឺធ្វើឡើងក្នុងគោលបំណងចម្បងៗចំនួន ២ គឺ ១.)រឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព ប្រកបដោយទឹកចិត្តស្មោះស និងការដឹងគុណ ដែលស្ដែងចេញតាមរយៈការគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់សុខទុក្ខកងកម្លាំងការពារព្រំដែន និង ២.) ចុះជួបផ្ទាល់ដើម្បីបានដឹងពីទុក្ខលំបាក និងសុខទុក្ខជាក់ស្ដែងរបស់នាយទាហាន និងពលទាហានទាំងអស់ ដែលបាននិងកំពុងខិតខំប្រចាំការតស៊ូប្រឈមនឹងគ្រោះថ្នាក់នៅសមរភូមិជួរមុខ សំដៅថែរក្សាការពារបូរណភាពទឹកដី ឯករាជ្យភាព និងអធិបតេយ្យភាពរបស់មាតុភូមិកម្ពុជា និងរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយបុព្វហេតុជាតិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕