(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានទទួលជំនួយសប្បុរសធម៌ពីលោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី នូវអង្ករចំនួន១០តោន និងទឹកបរិសុទ្ធចំនួន១០០កេស ដល់រដ្ឋបាលស្រុកស្ទោងសម្រាប់បម្រើកិច្ចការមនុស្សធម៌ជាមួយប្រជាជនក្នុងមូលដ្ឋានដែលមានជីវភាពទីទ័លក្រ។

ការទទួលជំនួយនេះធ្វើឡើងនារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានថ្លែងអំណរគុណដល់លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី (ក្រុមហ៊ុនម៉នដានីរៀលអ៉ីស្តេត ឯ.ក) ដែលបានជួយឧបត្ថម្ភគាំទ្រទាំងអង្ករ និងទឹកបរិសុទ្ធនៅពេលនេះដល់រដ្ឋបាលស្រុកស្ទោង ដើម្បីរដ្ឋបាលស្រុកស្ទោងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះឬជួយសម្រាលជីវភាព ជីវភាពក្រីក្រ ឬជួយដល់ប្រជាពលរដ្ឋដែលបានរងគ្រោះនូវឧបទ្ទវហេតុផ្សេងៗជាដើម។

ជាមួយគ្នានេះ លោក សាយ គឹមឡម បានបន្ថែមថា សប្បុរស និងវិស័យឯកជនមិនត្រឹមតែជួយចូលរួមជាមួយកិច្ចការមនុស្សធម៌របស់រដ្ឋបាលស្រុកប៉ុណ្ណោះទេ គឺបានជួយបន្ថែមទៀតនូវការជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងផ្សេង ដូចជាផ្លូវ សាលារៀនជាដើមនៅតាមមូលដ្ឋានផងដែរ។ល៕