(ភ្នំពេញ)៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ថេង សុថុលអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ ចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសង៤កន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ចំនួន៣ទីតាំង និងសង្កាត់បឹងព្រលិត ចំនួន១ទីតាំង។
ប្រតិបត្តិការនេះមានការចូលរួមពីលោក តឹង វុទ្ឋី ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោក ណុប ផា អភិបាលរងខណ្ឌ, លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា, មេបញ្ជាការកងរជអាវុធហត្ថខណ្ឌ៧មករា ក្រោមការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញទទួលការងារខណ្ឌ៧មករា។
លោក ថេង សុថុល អភិបាលខណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ពេលចុះដល់ទីតាំង ឃើញថាម្ចាស់ទីតាំងបានសហការជាមួយអាជ្ញាធរ ក្រុមការងារ ដោយអ្នកគ្រប់គ្រងទីតាំងទាំងអស់ និងបុគ្គលិកជនជាតិចិន អ្នកបកប្រែភាសាបានប្រាប់ថា គឺគេរៀបចំវេចខ្ចប់សម្ភារៈ រើឧបករណ៍ចេញអស់ មុនអាជ្ញាធរចុះដល់តាំង ពោលគឺរើតាំងពីសារសម្តេចតេជោចេញមកម្ល៉េះ។
ទីតាំងទាំង៤កន្លែង ដែលគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ថេង សុថុល ចុះត្រួតពិនិត្យឃើញច្បាស់ជាក់ស្តែង និងប្រាកដថាក្នុងទឹកដីមូលដ្ឋានខណ្ឌ៧មករា គ្មានអគារខុនដូរ ឬទីតាំងណាមួយ មានលួចលាក់បង្កប់ល្បែងទៀតនោះទេ គឺរួមាន៖
ទី១-អគារ ខុនដូរ ស្កាលែន ស្ថិតក្នុងសង្កាត់វាលវង់
ទី២-អគារខុនដូរ ស្ថិតនៅអូឡាំព្ស្ថិតក្នុងសង្កាត់វាលវង់
ទី៣-ក្រុមហ៊ុន សឹងវៃ ស្ថិតនៅអគារលេខ គ្មានលេខ ផ្លូវ២៣២ សង្កាត់បឹងវាលវង់ ខណ្ឌ៧មករា
ទី៣-អគារ ខុនដូ លាង អុីង ស្ថិតនៅផ្លូវ២៣២ សង្កាត់បឹងព្រលិត៕