(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជេីញធ្វេីដំណេីរទៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ (Sarawak) ដែនដីកោះម៉ាឡេស៊ី ដេីម្បីចូលរួមទទួលឋានន្តរស័ក្ដិ និងមេដាយ ពីប្រធានរដ្ឋសារាវ៉ាក់ ប្រទេសម៉ាឡេស៊ី។
សូមជម្រាបថា ប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី បានពេញចិត្តជូននូវ ឋានន្តរសក្ដិ Panglima Gemilang Bintang Kenyalang និងមេដាយ នៃរដ្ឋសារ៉ាវ៉ាក់ ដល់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០មកម៉្លេះ តែដោយសារបញ្ហាកូវីដ១៩ ទេីបលោកទេសរដ្ឋមន្ត្រីខកខានមិនបានទៅទទួលរហូតដល់ពេលនេះ។
កំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ី លោកនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃបណ្តាស្ថាប័ន អង្គការមនុស្សធម៌នានា ជាពិសេសផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងវិលនិវត្តមកដល់កម្ពុជាវិញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២៕