(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ជន នៃបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៤២នាក់ ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ។
ក្នុងពិធីសំណេះសំណាលក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យផងដែរ។ ក្នុងពិធីសំណេះសំណាលលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងនូវក្តីអំណរគុណចំពោះនិវត្តន៍ជន ដែលបានកសាងស្នារដៃជូនជាតិមាតុភូមិយ៉ាងច្រើនដោយបានលះបង់សាច់ស្រស់ ឈាមស្រស់ និងក្រុមគ្រួសារដើម្បីប្រទេសជាតិរហូតទទួលបានសុខសន្តិភាព។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងថា ការលះបង់របស់បងប្អូននិវត្តន៍ជន គឺបានបន្សល់ទុកនូវស្នារដៃល្អៗចំពោះប្រទេសជាតិផងដែរ។
លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ក្នុងនាមអាវុធហត្ថ ពិសេសនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូននិវត្តន៍ជន ហើយបានណែនាំដល់គ្រប់បណ្តាអង្គភាពកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះបងប្អូននិវត្តន៍ជនពិសេសនៅពេលមានបុណ្យទាន។
លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ទៀតថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏មានគិលានដ្ឋានសម្រាប់ព្យាបាលជំងឺដោយមានវេជ្ជបណ្ឌិតសម្រាប់ព្យាបាលដល់កងកម្លាំងកំពុងបម្រើការងារក្នុងអង្គភាពផងដែរ។
នាឱកាសនោះលោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានផ្ដាំផ្ញើដល់បងប្អូននិវត្តន៍ជនទាំងអស់ បើមានក្រុមគ្រួសារមានបញ្ហាសុខភាពអាចមកពិនិត្យពិគ្រោះ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តយើងទៀតផង។
ក្រោយពីបញ្ចប់កិច្ចសំណេះសំណាលលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានប្រគល់អំណោយជូនបងប្អូននិវត្តន៍ជនទាំង៤២នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម, ត្រីខ២យួរ, មី១កេស, ទឹកសុទ្ធ ១យួរ រួមនឹងថវិកា៣០ម៉ឺនរៀលផងដែរ៕