(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំព្រៃអំពក នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារអញ្ជើញកាន់បិណ្ឌវេន១០ នៅវត្តចំនួន៣ ក្នុងឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ។
នាឱកាសនោះដែរ លោកស្រីបណ្ឌិត កុយ ពិសី ក៏ជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ។ លោកស្រីបណ្ឌិតបានលើកឡើងថា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកស្រីបណ្ឌិត បានបន្តថា ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ដែលផ្តល់ឱកាសដល់ប្រជាបលរដ្ឋបានជួបជុំ ធ្វើបុណ្យភ្ជុំបិណ្ឌតាមប្រពៃណី នៅក្នុងឆ្នាំនេះ។
ទោះជាយ៉ាងណា លោកស្រីបណ្ឌិតក៏បានក្រើនរំលឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវវិធានសុវត្ថិភាព បទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ»។
សូមជម្រាដែរថា នាឱកាសនោះលោកស្រីបណ្ឌិត កុយ ពិសី ក៏បាននាំយកនូវទេយ្យទានរួមមាន៖ អង្ករ មី បច្ច័យ ប្រគេនដល់ព្រះសង្ឃ និងជូនចំពោះលោកតា លោកយាយ មួយចំនួទៀតផងដែរ៕