(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ បានរួមគ្នារៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត» នាម៉ោង៧ព្រឹក ដល់ម៉ោង១១៖០០ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបរិវេណវិទ្យាល័យឥន្រ្ទទេវី។
នៅក្នុងឱកាសនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានអន្តរជាតិ ៥មិថុនា នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងលើកឡើងពីសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថានការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព (សូមស្តាប់ការលើកឡើងរបស់រដ្ឋមន្រ្តីនៅខាងក្រោម)។
ទិវានេះមានការចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ បុគ្គលិកអប់រំ និស្សិត សិស្សានុសិស្ស និងដៃគូអភិវឌ្ឍន៍សរុបចំនួន១៨០០នាក់។
នេះគឺជាលើកទីមួយហើយក្រសួងទាំងពីរ បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្នុងគោលបំណង ដើម្បីបញ្រ្ជាបការយល់ដឹងអំពីបរិស្ថាន ទៅដល់មន្រ្តីរាជការ បុគ្គលិកអប់រំ និស្សិត សិស្សានិសិស្ស និងសាធារណៈជន សំដៅលើកកំពស់ គុណភាពបរិស្ថាន ក៏ដូចជា ផ្នត់គំនិតការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕