(ភ្នំពេញ)៖ លោក ផន សុភាព ប្រធានការដ្ឋានសាងសង់ OCIC តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ២៣២គ្រួសារ ដែលស្ម័គ្រចិត្តរស់នៅក្នុងបុរី «រុងរឿង» នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

លោក ផន សុភាព បានឲ្យដឹងថា កន្លងមកក្រុមហ៊ុន បានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន៣១លើករួចមកហើយ ហើយនេះក៏ជាលើកទី៣២ផងដែរ។

លើសពីនេះទៀត ដោយក្តីព្រហ្មវិហាធម៌ របស់អ្នកឧកញ៉ា ពុង ឃាវសែ និងគណៈគ្រប់គ្រងបុរីរុងរឿង ចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ ជូនប្រជាពលរដ្ឋបន្ថែមផងដែរដូចជា៖

* បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋរស់នៅបុរីរុងរឿង សរុបមានចំនួន៦០នាក់។

* បានផ្តល់មូលនិធិឥតយកការប្រាក់ និងមិនគិតពីប្រាក់ចំណេញប្រកបដោយក្ដីអាណិតមេត្តា ករុណា ដ៏ប្រពៃ ជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែលមានជីវភាពខ្វះខាត ដោយពុំយកការប្រាក់បានកើនឡើង ១៧លាន១សែនរៀល។

គិតមកដល់បច្ចុប្បន្ន ចំនួនអ្នកខ្ចីឥណទានមានចំនួនសរុប៧៧នាក់ (បុគ្គលិកមានចំនួន៧២នាក់) (ប្រជាជនមានចំនួន០៥នាក់) (អ្នកបង់ឥណទាន រួចរាល់មានចំនួន ៦១នាក់ នៅសល់១៦នាក់កំពុងបង់ត្រឡប់មកវិញ) ដោយការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនម្ចាស់មូលនិធិ បងប្អូនទាំងអស់បានខិតខំបង់ត្រឡប់ បានយ៉ាងទៀងទាត់ ជាបន្តបន្ទាប់។

* បានឧបត្ថម្ភកង់, វ៉ែនតា, ក្រម៉ា, សារ៉ុង, សៀវភៅ, សាប៊ូ, ម៉ាស, អាកុល និងសម្ភារៈផ្សេងៗជាច្រើនទៀត ដែលចំណាយអស់ទឹកប្រាក់សរុបជាង២៣លានរៀល។

ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខដុមរមនា ក្នុងបុរីរុងរឿង បានសម្ដែងភាពសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះមានផ្ទះរស់នៅសមរម្យ មានប្រព័ន្ធទឹកស្អាត ប្រើប្រាស់មានប្រព័ន្ធ លូត្រឹមត្រូវ និងលើសពីនេះទៀត ទាំងលក្ខណៈជីវភាពររស់នៅ ក៏កាន់តែល្អប្រសើរឡើងជាលំដាប់។

តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងនោះ មានផ្សារ មានសាលារៀន សម្រាប់កូនចៅ មានមន្ទីរពេទ្យ មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ដែលបង្កលក្ខណៈ ឲ្យអាចប្រកបអាជីវកម្ម បង្កើនប្រាប់ចំណូលប្រចាំថ្ងៃ ល្អប្រសើរ និងខ្លះទៀត ទទួលបានការងារក្នុងបុរី និងទទួលបានប្រាក់បៀវត្ស សមរម្យផងដែរ។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ា ពុង ឃាវសែ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី៣២នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានចំណាយអស់ទឹកប្រាក់សរុប មានចំនួនប្រមាណ៩១៣លានរៀលហើយ៕