(ភ្នំពេញ)៖ កម្លាំងនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ បាននឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួន បុរសល្មោភកាមម្នាក់ក្រោយពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានរត់ទៅប្តឹង ដោយសារជននេះ បានចាប់អូសដៃក្មេងស្រីរងគ្រោះទៅចាប់រំលោភបានសម្រេច នៅគុម្ពចេកក្រោយផ្ទះប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុច ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យល្មោភកាមរូបនេះមានឈ្មោះ និត អាយុប្រហែល២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអ្នករស់នៅក្នុងភូមិជាមួយជនរងគ្រោះ ដោយឡែកក្មេងស្រីរងគ្រោះឈ្មោះ ផ ផ ន អាយុ ៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ផ្ទះគ្មានលេខ ក្រុម៣ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
មន្រ្តីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោងង ១៥៖៤៥នាទី ក្មេងស្រីរងគ្រោះ ត្រូវបានម្តាយប្រើឲ្យទៅហៅបងប្រុសជីដូនមួយ ដែលកំពុងដើរលេងក្នុងភូមិ។ ឮដូចនេះក្មេងស្រីរងគ្រោះបានទៅដើររកបងប្រុសជីដូនមួយ ពេលបានជួបហើយក៏បបួលមកផ្ទះ តែបងប្រុសបានប្រាប់ថា ឲ្យទៅមុនទៅហើយក្មេងស្រីរងគ្រោះ ក៏មកមុន ពេលដើរបានពាក់កណ្តាលផ្លូវស្រាប់តែលេច ជនសង្ស័យខាងលើ។ ពេលនោះហើយជនសង្ស័យ បានធ្វើសកម្មភាពខ្ទប់មាត់ក្មេងស្រី ហើយអូសទៅក្នុងគុម្ពចេក (ក្រោយផ្ទះប្រជាពលរដ្ឋ)រួចធ្វើសកម្មភាពរំលោភ រហូតបានសំរេចតែម្តង។
បើតាមមន្រ្តីនគរបាល ជននេះក៏មានដីកាបង្គាប់ ឲ្យចាប់ខ្លួនពីចៅក្រមផងដែរ ពីបទរំលោភក្មេងស្រី មិនទាន់គ្រប់អាយុ នាពេលកន្លងទៅផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើរត់គេចខ្លួនបាត់ហើយ សមត្ថកិច្ចមូលដ្ឋានកំពុងស្វែងរកចាប់ខ្លួន ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕