(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association, KOIMA) ដឹកនាំដោយលោក Kim Byung Kwan ប្រធានសមាគម នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក Kim Byung Kwan បានជម្រាបជូនថា KOIMA ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧០ មានសមាជិកជាអ្នកនាំចូលធំៗចំនួន៨,៥០០ក្រុមហ៊ុន និងមានទំនាក់ទំនងសហប្រតិបត្តិការជាមួយ២៨ប្រទេស។
នៅក្នុងកិច្ចពិភាក្សា ក្រៅពីជម្រាបជូនពីតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង លោកបណ្ឌិត ហេង សុខគង់ ក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសចាប់តាំងពីឆ្នាំ១៩៩៧មក ក្រោយពេលដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានកសាង និងស្តារនូវទំនាក់ទំនងការទូតនេះឱ្យកាន់តែប្រសើរឡើង និងមានលក្ខណ:ពិសេសជាបន្តបន្តាប់ រហូតឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (Bilateral FTA)។
ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកន្លងមក ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកូរ៉េជាមិត្តលើគម្រោងជាច្រើន ដែលមួយចំនួនធំពាក់ព័ន្ធនឹងវិស័យសហគ្រាសធុនតូច និងមធ្យម ដោយផ្តោតជាសំខាន់លើកម្មន្តសាលម្ហូបអាហារ និងភេសជ្ជ: និងមួយចំនួនទៀតផ្តោតលើ អាជីវកម្មបរិយាប័ន្ន។
សូមជម្រាបជូនថា កន្លងមកនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួង ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេសកូរ៉េ (KIPO) សម្រាប់ការពារកម្មសិទ្ធិប្រកាសនីយបត្រតក្កកម្ម (Patent) និងគំនូរឧស្សាហកម្ម (Industrial Design) ដែលបង្កើតឡើងក្រោយគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដែលជាយន្តការមួយធានាបាននូវការការពាសម្រាប់តក្កករ និងអ្នកមានស្នាដៃបង្កើតថ្មី ក៏ដូចជាគំនូរឧស្សាហកម្មដើម្បីផ្តល់នូវជំនឿចិត្តបន្ថែមទៀតសម្រាប់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនលើវិស័យបច្ចេកវិទ្យា និងការបង្កើតថ្មី។
ក្រសួងក៏បានចុះអនុស្សរណ:នៃការយោគយល់ជាមួយ Korea Institute for Advancement of Technology ដើម្បីអនុវត្តនូវគម្រោងមួយដែលមានឈ្មោះថា ការផ្តល់អនុសាសន៍ និងដំណោះស្រាយបច្ចេកទេសសម្រាប់វិស័យកែច្នៃម្ហូបអាហារ (Technology Advises and Solutions for Food Processing Sector)។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាលើ៣ ចំណុច៖
*ទី១៖ បង្កើតជនបង្គោល (Focal Point ) សម្រាប់ធ្វើទំនាក់ទំនងការងារគ្នាជាប្រចាំ
*ទី២៖ ស្នើសុំគោលការណ៍ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់លើការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍លើវិស័យកែច្នៃម្ហូបអាហារ និងភេសជ្ជ ដើម្បីជំរុញ និងលើកកម្ពស់ផលិតភាព និងគុណភាព សម្រាប់បម្រើឲ្យការនាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ
*ទី៣៖ ជំរុញ និងពិនិត្យលទ្ធភាពក្នុងការផ្ទេរបច្ចេកវិទ្យា និងគៀរគធនធានពីសាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់វិស័យចំណីអាហារ និងភេសជ្ជនៅកម្ពុជា និងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលចំណីអាហារសម្រាប់អាស៊ាន (Food Hub for ASEAN)៕