(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធសហការឲ្យជិតស្និទ្ធជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសនានាក្នុងមូលដ្ឋាន ដើម្បីមានសន្តិសុខល្អ ។
លោកអភិបាលខេត្តបានអំពាវនាវនេះនៅក្នុងកម្មវិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបទ នីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ដោយមានអ្នកចូលរួមចំនួន២៤២នាក់ មកពីបណ្តាឃុំសង្កាត់ក្នុងខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២។
បន្ថែមពីនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសង្កត់ធ្ងន់ថា៖ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ កងកម្លាំងគ្រប់ប្រភេទសូមបន្តអនុវត្ត ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានអោយបានល្អប្រសើរ ត្រូវធ្វើអោយជាប់ដូចភ្លៀងរលឹម ស្រមតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលអាចគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងបានបើកប្រទេស ឡើងវិញមុនគេ។ ប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចជាតិបានងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានស្នើសុំយ៉ាងទទូចធ្វើយ៉ាងណាត្រូវបន្តពង្រឹងការការពារ ជាចំណុចអាទិភាព ដើម្បីភាពរស់នៅភាព សុខសាន្ត របស់ប្រជាពលរដ្ឋតាមរយៈភូមិ ឃុំ មានសុវត្ថិភាព និងបន្តផ្តោតលើសុខភាព សុខមាលភាពប្រជាជន តាមរយៈការបន្តទប់ស្កាត់ និងគ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិលត្រឡប់ថយក្រោយ៕