(ស្ទឹងត្រែង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការ បង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ មានម្នាក់ជាមន្រ្តីយោធានៅភូមិភាគ១ ព្រមទាំងដកហូតថ្នាំចំនួន៤កញ្ចប់ និងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានបញ្ជាក់ថា "នៅល្ងាចថ្ងៃនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណីទៀត នៅចំណុចក្បែរសាលានគរបាលភូមិភាគ១ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះហង្ស មុំវុទ្ធី ភេទប្រុសអាយុ២២ឆ្នាំ ជាយោធាភូមិភាគ១ដោយដកហូតក្រាមពណ៌សថ្លាចំនួន១កញ្ចប់ផងដែរ"។
បើតាមលោកស្នងការ នៅព្រឹកថ្ងៃដដែលនេះ កម្លាំងនគរបាលរបស់លោក បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយផងដែរ នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតថ្នាំ៣កញ្ចប់។
ជនសង្ស័យទាំង៣នាក់រួមមាន ទី១-ឈ្មោះ គឹម ហុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត ទីលំនៅផ្ទះជួលភូមិព្រែក សង្កាត់ស្ទឹងត្រែង ទី២-ឈ្មោះរ៉ា ស្រីណាក់ ភេទស្រីអាយុ២១ឆ្នាំ មុខរបរមិនពិត ទីលំនៅផ្ទះជួលជាមួយគ្នា និងទី៣-ឈ្មោះហេង បូរី ហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរយាមផ្ទះឲ្យពូ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានយកទៅសួរនាំ នៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕