(ភ្នំពេញ)៖ អស់រយៈកាលជាងពីរទសវត្សរ៍មកនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការស្ទង់មតិអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីបង្កើនការយល់ដឹងកាន់តែប្រសើរឡើងអំពីតម្រូវការ ចំណាប់អារម្មណ៍ និងទស្សនយល់ឃើញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សូមអរគុណចំពោះជំនួយសប្បុរសពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កាលពីខែសីហា ឆ្នាំ ២០២១ ដែលបង្កលក្ខណៈឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាពង្រីកកិច្ចខិតខំប្រឹងប្រែងយ៉ាងសំខាន់របស់ខ្លួន ក្នុងការគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាពិសេសទាក់ទងនឹងការអភិវឌ្ឍការយល់ដឹងឲ្យកាន់តែប្រសើរឡើងអំពីស្ថានភាពសុខភាព និងសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
គិតត្រឹមខែសីហា ឆ្នាំ ២០២២នេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រមូលព័ត៌មានពីអ្នករស់រានមានជីវិតពីខ្មែរក្រហមច្រើនជាង ៣ម៉ឺននាក់។ ខាងក្រោមនេះបង្ហាញអំពីការសង្កេតបឋមមួយចំនួនដែលប្រមូលបានពីការងារនេះ។
ប្រហែលជាគ្មានអ្វីចម្លែកទេ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជារកឃើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនដែលបានចូលរួមក្នុងការស្ទង់មតិ លើកឡើងពីកត្តាហិរញ្ញវត្ថុជាបញ្ហាប្រឈមចម្បង ក្នុងការសម្រេចចិត្តមិនស្វែងរកការព្យាបាល ផ្នែកភាពសុខភាពផ្លូវចិត្ត ឬរាងកាយ ពិការភាព ឬជំងឺផ្សេងៗរបស់ខ្លួន។ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានរកឃើញបន្ថែមទៀតថា ក្នុងចំណោមស្ថានភាពសុខភាពផ្លូវកាយ ឬសុខភាពផ្លូវចិត្តដកស្រង់ចេញពីការស្ទាប់ស្ទង់មតិអ្នករស់រានមានជីវិតខ្មែរក្រហមបានបង្ហាញថា ជំងឺលើសឈាម និងជំងឺក្រពះពោះវៀន បន្តតាមលំដាប់ដោយជំងឺគ្រុនចាញ់ ជំងឺផ្លូវចិត្ត និងជំងឺបេះដូង គឺជាកត្តាដ៏គួរឲ្យព្រួយបារម្ភបំផុត និងជាកត្តាធ្វើឲ្យស្ថានភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចុះខ្សោយ។
ខណៈដែល មជ្ឈមណ្ឌលឯកសារកម្ពុជា មានការងារជាច្រើនទៀតដែលត្រូវធ្វើក្នុងការអភិវឌ្ឍការយល់ដឹងអំពីបញ្ហាសុខភាពទាំងនេះ គឺគួរឱ្យកត់សម្គាល់ថាស្ថានភាពទាំងនេះស្របគ្នានឹងការសង្កេតបឋមលើការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើការស្ទាប់ស្ទង់មតិចំនួន ៨៣ភាគរយ បង្ហាញថាមានផលលំបាក នៅតែនឹកតែនឹកឃើញអំពីបទពិសោធន៏ដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមដល់បច្ចុប្បន្ន។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ២៥ភាគរយទៀតលើកឡើងថា ខ្លួននៅតែយល់សុបិន្តអាក្រក់នៃរឿងរ៉ាវដែលជួបប្រទះក្នុងសម័យខ្មែរក្រហម បើទោះបីជារបបខ្មែរក្រហមបានបញ្ចប់ជាងសែសិបឆ្នាំកន្លងមកក៏ដោយ។
ចុងក្រោយ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរកឃើញថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជ្រើសរើសការប្រើប្រាស់ថ្នាំពេទ្យជាវិធីសាស្ត្រចម្បងសម្រាប់ព្យាបាលជំងឺប្រចាំកាយ ឬបញ្ហាសុខភាពណាមួយដែលកើតឡើងមិនបានព្រៀងទុក ច្រើនជាងស្វែងរកសេវាសុខភាពនៅមន្ទីរពេទ្យសាធារណៈ ឬមន្ទីរសម្រាក់ព្យាបាលឯកជន។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពឹងផ្អែកលើការប្រើប្រាស់ថ្នាំពេទ្យ ដើម្បីបំពេញតម្រូវការថែទាំសុខភាព ចំណុចនេះបង្ហាញឲ្យឃើញថា កត្តាខ្វះខាតធនធានហិរញ្ញវត្ថុមិនមែនជាបញ្ហាទាំងស្រុងនោះទេ ប៉ុន្តែលទ្ធភាពទទួលបានការថែទាំសុខភាពសម្រាប់អ្នករស់រានមានជីវិតម្នាក់ៗ ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីលក្ខខណ្ឌភូមិសាស្ត្រ ឬប្រព័ន្ធអង្គការសង្គមផ្សេងទៀត។
ការទទួលបានសេវាសុខភាពអាចកំណត់តាមវិធីផ្សេងៗគ្នា ពីការចែកចាយ ឬផ្ដល់សេវាពិនិត្យសុខភាព ធនធានផ្សេងៗ និងសម្ភារៈបរិក្ខារទៅតាមតម្រូវការផ្ទាល់នៃប្រជាជន ដូចជាកញ្ចប់សេវាធានារ៉ាប់រង ការយល់ដឹងអំពីការថែទាំសុខភាព និងប្រាក់ចំណូល។ ការធ្វើឲ្យប្រសើរឡើងនូវការទទួលបាននូវសេវាថែទាំសុខភាពអាចធ្វើបាន។ ជាលទ្ធផលចុងក្រោយការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព និងសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីអំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ មិនផ្ដោតចម្បងលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនោះទេ ប៉ុន្តែផ្ដោតលើសំណួរថា តើធ្វើយ៉ាងណាដើម្បីឲ្យការទទួលបានសេវាថែទាំសុខភាពមានភាពងាយស្រួល ការជឿជាក់ និងអាចទុកចិត្តបាន។
ការងារស្រាវជ្រាវរបស់ មជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងវិស័យនេះ គឺមិនបានគ្រប់ជ្រុងជ្រោយនោះទេ។ ការរកឃើញទាំងនេះ គឺមានលក្ខណៈជាការស្រាវជ្រាវកម្រិតបឋម។ ទោះយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលឯកសារកម្ពុជាលើកឡើងនូវសំណួរ និងការជាប់ពាក់ព័ន្ធជាច្រើន ដែលមានសារៈសំខាន់ពាក់ព័ន្ធនឹងការងារដែលកំពុងបន្ត និង សក្តានុពលនាពេលអនាគតក្នុងកិច្ចសហការជាមួយសហគមន៍អ្នករស់រានមានជីវិតនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសក្រោយជម្លោះផ្សេងទៀត។
មជ្ឈមណ្ឌលឯកសារកម្ពុជា បន្តការងាររបស់ខ្លួននៅក្នុងវិស័យនេះ។ មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងចែករំលែកការរកឃើញ និងអនុសាសន៍ ជាមួយសាធារណជន មិនត្រឹមតែការបង្ហាញអំពីស្ថានភាពលំបាក បញ្ហាប្រឈម និងឧបសគ្គនៃការទទួលបានសេវាសុខភាព និងសេវាសង្គមសំខាន់ៗសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប៉ុណ្ណោះទេ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងបង្ហាញផ្នែកដែលអាចធ្វើឲ្យប្រសើរឡើងបាន ក្នុងផ្នត់គំនិតរបស់សហគមន៍អន្តរជាតិ លើកយុត្តិធម៌សម្រាប់អ្នករស់រានមានជីវិតពីឧក្រិដ្ឋកម្មដ៏ឃោរឃៅនៅក្នុងសង្គមក្រោយជម្លោះទាំងអស់នៅជុំវិញពិភពលោក។
ដោយ៖ លោក ឆាំង យុ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌល ឯកសារកម្ពុជា។ បេសកម្មរបស់មជ្ឈមណ្ឌលកម្ពុជាផ្តោតលើការចងចាំ និងការស្វែងរកយុត្តិធម៌ ជួយគាំទ្រដល់ប្រជាជនកម្ពុជាក្នុងការស្វែងរកការពិត ដែលជាការបង្រួបបង្រួមជាតិពិតប្រាកដ។ ក្នុងចំណោមការរួមចំណែកជាច្រើនចំពោះ ការពិត និងយុត្តិធម៌ លោក ឆាំង យុ បានផ្តល់សក្ខីកម្មនៅចំពោះមុខសាលាក្តីខ្មែរក្រហមក្នុងនាមជាសាក្សីរស់ចំពោះអំពើប្រល័យពូជសាសន៍ និងបានបង្កើតកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍ទូទាំងប្រទេសដោយមានការគាំទ្រពីមូលដ្ឋានយ៉ាងរឹងមាំ និងបានបង្កើតមជ្ឈមណ្ឌលឯកសារអំពីអំពើប្រល័យពូជសាសន៍ក្នុងតំបន់ចំនួនប្រាំមួយ រួមទាំងបណ្ណាល័យសម្ដេចម៉ែ ដើម្បីជួយសម្រួលដល់ការស្រាវជ្រាវ និងលើកកម្ពស់ដល់ការផ្សះផ្សាជាតិ៕