(មណ្ឌលគីរី)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ជាទ័ពស្រួច លះបង់កម្លាំងកាយចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។
ការលើកឡើងបែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសចូលរួមជាអធិបតីភាពនៃការដាំស្ដារព្រៃឈើ ការក្លូនរុក្ខជាតិ រៀបចំថ្នាលបណ្ដុះកូនឈើ និងការពិនិត្យការចិញ្ចឹមពូជសត្វក្របី នៅលើផ្ទៃដីទំហំ២០០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគីរី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបានបន្តថា «វត្តមានប្រតិភូនៅថ្ងៃនេះ ដើម្បីគោរពដឹងគុណ និងកោតសរសើរដល់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ដែលជាទ័ពស្រួច លះបង់កម្លាំងកាយចិត្ត ពេលវេលាដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់»។
ក្រសួងបរិស្ថានបានរៀបចំផែនការដាំស្ដារព្រៃឈើចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើនគម្របដីព្រៃឱ្យបានប្រសើរឡើង និងផ្តល់ជូនមន្ត្រីឧទ្យានុរក្សនូវចំណេះដឹង បទពិសោធក្នុងការធ្វើក្លូនរុក្ខជាតិ ក៏ដូចជាបច្ចេកទេសដាំដុះ និងថែទាំចម្ការឈើដាំ ព្រមទាំងការផ្សព្វផ្សាយចំណេះដឹង ជំនាញ បទពិសោធ និងឱកាសការងារជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យបានទូលំទូលាយ។
ការដាំស្តារ និងក្លូនរុក្ខជាតិអាកាស្សានេះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្កត់ធ្ងន់ថា ជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីបំពេញនូវសេចក្តីត្រូវការចំពោះមុខ បន្ថយសម្ពាធលើការប្រើប្រាស់ សម្ភារសំណង់ និងគ្រឿងសង្ហារឹមដែលធ្វើពីឈើធម្មជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការនៅក្នុងវិស័យឧស្សាហកម្មផងដែរ។
គួរបញ្ជាក់ថា ប្រភេទក្លូនឈើដែលដាំដុះពេលនេះជាប្រភេទឈើអាកាស្យា ចំនួន១ម៉ឺនដើម ដាំនៅលើផ្ទៃដីទំហំ ៦,៥ហិកតា។ សហគមន៍បានបណ្តុះកូនអាកាស្សាជាមេពូជចំនួន ៧,០០០ដើម និងកូនអាកាស្យាចំនួន ១៧,០០០ដើម ត្រូវបានដាំលើផ្ទៃដី ០៨ហិកតា និងព្រួសពូជស្មៅលើផ្ទៃដីទំហំ ៦ហិកតា សម្រាប់ជាចំណីរបស់សត្វក្របី ន ចំនួន ៦០ក្បាល ដែលទទួលបានពីក្រសួងបរិស្ថាន ក្នុងនោះបានយកទៅចិញ្ចឹមនៅស្នាក់ការកែររពៅ ចំនួន១០ក្បាល និងនៅស្នាក់ការខ្ទង់ចំនួន ៥០ក្បាល ហើយបច្ចុប្បន្ន កើនបានចំនួន២ក្បាលបន្ថែម៕