(ភ្នំពេញ)៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦នេះថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនព្រងើយកន្តើយឡើយ ប្រសិនជាប្រទេសថៃ ដាក់ល្ខោនខោល ដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកមែននោះ។
ការលើកឡើងរបស់លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌នាពេលនេះ ធ្វើឡើងក្រោយពីមានការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍របស់ថៃ បានដកស្រង់សំដីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោក Vira Rojpojchanarat ថា ថៃនឹងយកល្ខោនខោល ឲ្យដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោក ថៃ នរៈសត្យា បានបញ្ជាក់ឲ្យដឹងថា «កម្ពុជាបានរៀបចំបញ្ចី សម្បត្តិបេតិកភ័ណ្ឌពិភពលោក ចំនួន៦មុខ ដើម្បីដាក់ទៅអង្គការយូណេស្កូ នៅក្នុងចំនោម សម្បត្តិបេតិកភ័ណ្ឌ ពិភពលោក ដែលគ្រោងនឹងដាក់នោះ ក៏មានល្ខោនខោលដែរ។ គម្រោងនេះកម្ពុជាបានរៀបចំបញ្ចីឈ្មោះតាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ បើប្រទេសថៃដាក់ល្ខោនខោលជាសម្បត្តិ បេតិកភណ្ឌពិភពលោក មែននោះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌ មិនព្រងើយកន្តើយឡើយ ហើយសូមបងប្អូនកុំអាលភ័យពេក ព្រោះថៃគ្រាន់តែមានគ្រោងតែប៉ុណ្ណោះ»។
សម្រាប់ប្រទេសថៃវិញ បានបញ្ជាក់ឲ្យដឹងថា ល្ខោនខោលនេះជាសម្បត្តិវប្បធម៌ទីមួយ ស្ថិតក្នុងចំណោមសម្បត្តិវប្បធម៌ទាំង៥ ដែលថៃគ្រោងស្នើទៅកាន់អង្គការយូណេស្កូ ឲ្យដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រហូតដល់ឆ្នាំ២០២១។
បន្ទាប់ពីស្នើល្ខោនខោលដំបូងគេក្នុងឆ្នាំនេះ នៅឆ្នាំបន្ទាប់ថៃនឹងស្នើដាក់កីឡាប្រដាល់សេរី Muai Thai, ការម៉ាស្សាតាមប្រពៃណី, របាំ NORA និងអាហារប្រពៃណីថៃទៀត។ នេះបើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោក Vira Rojpojchanarat និយាយថា «ហេតុផលទីមួយដែលគេជ្រើសរើសយកល្ខោនពាក់មុខ ដាក់មុនគេ ព្រោះវាបានបង្ហាញពីគំនិតដ៏ឧដុង្គឧត្ដមនៃវប្បធម៌ថៃ»។
ប៉ុន្តែសម្រាប់កម្ពុជាវិញ បានបង្ហាញដោយយោងតាមប្រវត្ថិសាស្រ្តឲ្យដឹងថា តាមជំនឿសាសនាហិណ្ឌូ តាំងពីសម័យមុនបានរៀបរាប់ថា ល្ខោនពាក់មុខខោល ជាឈុតឆាកក្នុងរឿងរាមកេរ្តិ៍ និយាយពីការប្រយុទ្ធរវាងតួអង្គព្រះរាម ដែលជាអវតាររបស់ព្រះវិស្ណុ ជាមួយនឹងតួអង្គយក្សក្រុងរាពណ៍ ដែលចាប់ពង្រត់ភរិយារបស់ព្រះរាម។ ល្ខោនខោលត្រូវបានគេសម្ដែងដំបូង ក្នុងសម័យអយុធ្យា កាលពីជាច្រើនសតវត្សមុន។ នេះជាដើមចម ដែលសរបញ្ជាក់ឲ្យឃើញថា ល្ខោនខោល គឺជារបស់កម្ពុជា និងជានិមត្តរូបតំណាងឲ្យកម្ពុជាផងដែរ៕