(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌អំពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន ០៣កន្លែង ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយគិតចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា ក្នុងការ ចុះបង្ក្រាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន ០៣កន្លែង ក្នុងភូមិសាស្រ្ត ក្រុង សីហនុ ខេត្តព្រះសីហនុ។

ចំពោះទីតាំងដែលចុះបង្ក្រាបមានឈ្មោះដូចខាងក្រោម៖

*ទី១៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងឈ្មោះហ្កាឡាក់ស៉ីវើល ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

*ទី២៖ នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងឈ្មោះ ជីង ឆាយ ៥ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

*ទី៣៖ នៅម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងឈ្មោះប៉ាវ យ៉ុងតិចណូឡូជី ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំពោះព័ត៌មានលម្អិត រដ្ឋបាលខេត្តនឹងជម្រាបជូននៅពេលបិទបញ្ចប់កិច្ចប្រតិបត្តិការនេះ៕