(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានអញ្ជើញមន្ត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួង កម្រិតថ្នាក់ដឹកនាំចំនួន៥នាក់បន្ថែមទៀត ដែលជាអ្នកគ្រប់គ្រងមកពីមន្ទីរពេទ្យព្រះអង្គឌួង ឲ្យទៅសិក្សានៅសាធារណរដ្ឋកូរ៉េ ក្នុងកម្មវិធី “ការអញ្ជើញកម្មវិធីបណ្តុះបណ្តាលសម្រាប់ អ្នកគ្រប់គ្រង”។
កម្មវិធីបណ្តុះបណ្តាលនេះ ស្ថិតនៅក្នុង «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង»។ ពួកគាត់នឹងទៅទទួលការបណ្តុះបណ្តាលរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២ ។ ពួកគាត់គ្រោងនឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនចំណេះដឹង និងជំនាញគ្រប់គ្រងទាក់ទងនឹងការកសាងសមត្ថភាពសម្រាប់ប្រតិបត្តិការមន្ទីរពេទ្យ និងការបង្កើតផែនការមេ។
ដើម្បីជួយសម្រួលដល់កម្មវិធីបណ្ដុះបណ្ដាលនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានផ្តល់កម្មវិធីតម្រង់ទិសមុនពេលចេញដំណើរដល់សិក្ខាកាមទាំងអស់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ កម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ គឺដើម្បីសម្រួលដល់ការចូលរួមរបស់សិក្ខាកាមកម្ពុជា ឲ្យពួកគាត់ស្គាល់ពីវប្បធម៌កូរ៉េ និងធ្វើឲ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតក្នុងជីវិតរបស់ពួកគាត់នៅសាធារណរដ្ឋកូរ៉េ។ ក្នុងអំឡុងពេលកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ ការិយាល័យកយកាបានផ្តល់ប្រធានបទចាំបាច់សំខាន់ៗស្តីអំពី ទី១)-ព័ត៌មានអំពីប្រទេសកូរ៉េ ទី២) -ព័ត៌មានវគ្គសិក្សា និង ទី៣)-ក្រមសីលធម៌ស្តីអំពីសុចរិតភាព និងការជៀសវាងការបៀតបៀនផ្លូវភេទសម្រាប់សិក្ខាកាមជាដើម។
គួររំលឹកថា សម្រាប់ឆ្នាំ ២០២២នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានអញ្ជើញវេជ្ជបណ្ឌិតចំនួន៦នាក់ មកពីមន្ទីរពេទ្យព្រះអង្គឌួង ទៅចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី «កម្មវិធីបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិត» នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១១ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រយៈពេល២១ថ្ងៃសម្រាប់វេជ្ជបណ្ឌិតចំនួន៣នាក់ និងកាលពីថ្ងៃទី១១ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ រយៈពេល៣០ថ្ងៃ សម្រាប់វេជ្ជបណ្ឌិតចំនួន៣នាក់ផ្សេងទៀត។ កយកា-KOICA ក៏បានអញ្ជើញវេជ្ជបណ្ឌិតមួយនាក់បន្ថែម និងគិលានុបដ្ឋាកយិកាចំនួន៧នាក់ពីមន្ទីរពេទ្យព្រះអង្គឌួងទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ក្នុង «កម្មវិធីបណ្តុះបណ្តាលសម្រាប់គិលានុបដ្ឋាកយិកា» កាលពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ដែលមានរយៈពេល១៤ថ្ងៃ ។
និងវគ្គបណ្តុះបណ្តាលស្តីពី «កម្មវិធីបណ្តុះបណ្តាលការអញ្ជើញ-អ្នកគ្រប់គ្រង» សម្រាប់បុគ្គលិកគ្រប់គ្រងចំនួន ៥នាក់ មកពីមន្ទីរពេទ្យព្រះអង្គឌួង រួមមាន ឯកឧត្តម សាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងជាទីប្រឹក្សាក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្រាប់រយៈពេល ៧ថ្ងៃ គឺជាវគ្គបណ្តុះបណ្តាលចុងក្រោយរបស់មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង»។
លោក គីម ខ្វាងវុក (Kim Kwang Wook)អនុប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា បានចូលរួម និងអបអរសាទរចំពោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកយិកាកម្ពុជា។
លោកក៏បានស្នើឲ្យអ្នកចូលរួម ដែលបានទទួលបានឱកាសដ៏ល្អនេះ សិក្សាស្វែងយល់អំពីការអភិវឌ្ឍរបស់ប្រទេសកូរ៉េក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគាត់នៅសាធារណរដ្ឋកូរ៉េ និង ពេលត្រឡប់មកប្រទេសកម្ពុជាវិញ សូមចែករំលែកបទពិសោធន៍របស់ពួកគាត់ទៅគិលានុបដ្ឋាកយិកាកម្ពុជា នៅក្នុងប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
បន្ទាប់មក លោក ហ៊ត ស្រ៊ឺ អ្នកឯកទេសកម្មវិធីជាន់ខ្ពស់ និង លោក ហា ជុនស៊ឹង អ្នកជំនាញវ័យក្មេងនៃការិយាល័យកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញដោយសង្ខេបអំពីប្រធានបទទាក់ទងទៅនឹងកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ ដែលបានលើកឡើងខាងលើ។
សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ បានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និង មជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង ចំពោះការគាំទ្រ ហើយពួកគេបានបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តខ្ពស់ នឹងខិតខំសិក្សា ដើម្បីលើកកម្ពស់ការកសាងសមត្ថភាពសម្រាប់ការយល់ដឹងទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលសម្រាប់ គិលានុបដ្ឋាកយិកា៕