(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ ត្រូវមានភាពជាម្ចាស់ការ ក្នុងការអនុវត្តបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ការថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធិដឹកនាំកិច្ចប្រជុំការងារបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទក្នុងខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
អភិបាលខេត្តកំពង់ធំ បានអរគុណការប្ដេជ្ញាចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់កម្រិត ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រ ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកំពង់ធំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស ដើម្បីឆ្លើយតបទៅ នៃការចង់បានរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវតែបង្ក្រាបឲ្យខានតែបាន និងស្រាវជ្រាវបន្ថែម រាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់នៅគ្រប់ទីកន្លែងទាំងអស់។
អភិបាលខេត្តបន្ថែមទៀថា បញ្ហាប្រឈម ក្នុងការបង្ក្រាបឲ្យចំគោលដៅបទល្មើសផ្សេងៗ និងបើកចំហការផ្តល់លេខទូរស័ព្ទរបស់សមត្ថកិច្ច ដើម្បីទទួលបានរាល់ព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងដែលមានលេងល្បែងស៊ីសង គ្រប់ប្រភេទ៕