(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពលើការការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះមានការចូលរួម ពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អធិការនៃអធិការដ្ឋាននគរបាលក្រុងស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោក ស្វាយ សំអ៊ាង បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅតាមក្រុង/ស្រុកនានា ក្នុងខេត្តស្ទឹងត្រែង ពិសេសបង្រ្កាបទប់ស្កាត់ឲ្យបានល្បែងស៊ីសងគ្រប់ប្រភេទផងដែរ។

លោក ស្វាយ សំអ៊ាង បានជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីចុះបង្ក្រាបភ្លាមៗ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពោលគឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចាប់ពីពេលនេះតទៅ ត្រូវតែធ្វើឡើងឱ្យដូចភ្លៀងរលឹម៕