(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងលោក ក្រូច បូរីសីហា ជាអភិបាលស្រុកបូទុមសាគរ ជំនួសលោក ហាក់ ឡេង ដែលត្រូវចូលកាន់មុខតំណែងជាអភិបាលរងខេត្តកោះកុង។ ពិធីនេះបានរៀបចំឡើងនៅសាលាស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមមន្ត្រីរាជការគ្រប់ស្ថាប័នផងដែរ។
លោកស្រី មិថុនា ភូថង បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពល្អប្រសើរ ក្នុងការឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់រាជរដ្ឋាភិបាល, សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្កើតឲ្យមានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស នេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។
លោកស្រីអភិបាលខេត្ត បានសម្តែងការអបអរសាទរចំពោះការតែងតាំងអភិបាលស្រុក ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួន ឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានល្អ និងសុវត្តិភាព។
លោកស្រីអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អញ្ជើញចូលរួមចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាពខ្លួន និងក្រុមគ្រួសារ។
លោក ក្រូច បូរីសីហា អភិបាលស្រុក ទើបប្រកាសចូលកាន់មុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថា ក្នុងនាមលោកទើបទទួលប្រកាសចូលកាន់មុខតំណែងថ្មី និងខិតខំឲ្យអស់ពីសមត្ថភាពបំពេញកាតព្វកិច្ចដែលរាជរដ្ឋាភិបាល និងថ្នាក់ខេត្តប្រគល់ភារកិច្ចជូនដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ និងខិតខំបំពេញកាតព្វកិច្ចតួនាទីរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រកបដោយក្រមសិលធម៌ សុជីវធម៌ និងបង្កើនភាពស្និតស្នាលជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកនឹងរក្សាភាពផ្ទៃក្នុងឲ្យបានរឹងមាំសាមគ្គីគ្នារវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋឲ្យបានល្អ, បង្កើនធនធានមនុស្ស និងខិតខំអភិវឌ្ឍន៍តាមមូលដ្ឋានដើម្បីឈានទៅរកភាពរីកចម្រើនជូនប្រជាពលរដ្ឋ ហើយផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាមិនថាយប់ ឬថ្ងៃជិតឬឆ្ងាយឡើយរហូតដល់មូលដ្ឋានគាត់ ដោយមិនគិតពីភាពនឿយហត់ឡើយ ព្រោះនេះជាតួនាទីរបស់មន្ត្រីរាជការត្រូវបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ៕