(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៤២គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ១៦៩គ្រឿង និងរថយន្ត ៧៣គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី១៩ ខែកញ្ញា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១៦,៣៥០គ្រឿង ក្នុងនោះមានម៉ូតូ ៩៣,៤២២គ្រឿង និងរថយន្តគ្រប់ប្រភេទ ២២,៩២៨គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់ស្លាកលេខ និងស្រវឹងជាដើម។ ដោយឡែករថយន្តល្បឿន អត់ស្លាកលេខ ឆៀក ទូរស័ព្ទ ល្មើសសញ្ញា ខ្សែក្រវាត់ និងអត់ប័ណ្ណបើកបរជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១២លើក ក្នុងនោះស្លាប់ចំនួន ១១នាក់ របួសចំនួន ១១នាក់ (របួសធ្ងន់ ០៦នាក់)។ រយៈពេល២៦២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,១៩០លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,២៦៦នាក់ របួស ៣,០០៧នាក់ (របួសធ្ងន់ ១,៩៣០នាក់)៕