(កណ្ដាល)៖ ក្នុងរយៈពេលពីរថ្ងៃមកនេះ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ទីតាំងបើកល្បែងស៉ីសងខុសច្បាប់សរុបជិត១,០០០ទីតាំង ត្រូវបានបង្ក្រាបនៅទូទាំងខេត្តកណ្ដាល ដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ក្រោយមានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបទបញ្ជារបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល គណ:បញ្ជាការឯកភាពរដ្ឋបាលគ្រប់ស្រុក/ក្រុងបានចុះបង្រ្កាប និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមបណ្តាលស្រុក-ក្រុង។
លោកឧត្ដមសេនីយ៍ស្នងការ បានបញ្ជាក់នូវចំនួនដែលបង្ក្រាបបានតាមបណ្ដាក្រុង ស្រុក ទាំង១១នៃខេត្តកណ្ដាល ដូចខាងក្រោម៖
*ទី១៖ ស្រុកល្វាឯម បង្ក្រាបបាន ៣៩ទីតាំង
*ទី២៖ ស្រុកអង្គស្នួល បង្ក្រាបបាន ៣៧ទីតាំង
*ទី៣៖ ស្រុកកណ្តាលស្ទឹង បង្ក្រាបបាន ៧០ទីតាំង
*ទី៤៖ ស្រុកស្អាង បង្ក្រាបបាន ១៦៧ទីតាំង
*ទី៥៖ ស្រុកពញាឮ បង្ក្រាបបាន ៨៧ទីតាំង
*ទី៦៖ ស្រុកខ្សាច់កណ្ដាល បង្ក្រាបបាន ៩០ទីតាំង
*ទី៧៖ ក្រុងតាខ្មៅ បង្ក្រាបបាន ១០៧ទីតាំង
*ទី៨៖ ស្រុកកោះធំ បង្ក្រាបបាន ១៤៥ទីតាំង
*ទី៩៖ ស្រុកកៀនស្វាយ បង្ក្រាបបាន ៧៦ទីតាំង
*ទី១០៖ ស្រុកលើកដែក បង្ក្រាបបាន ៥៦ទីតាំង
*ទី១១៖ ស្រុកមុខកំពូល បង្ក្រាបបាន ៨ទីតាំង និងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បន្តរកឃើញចំនួន៥៥ទីតាំងបន្ថែម ដូច្នេះស្មើ៦៣ទីតាំង។ សរុប១១ស្រុក-ក្រុងមាន៩៣៧ទីតាំង។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានអះអាងទៀតថា ទិសដៅបន្តកម្លាំងជំនាញរបស់គណៈបញ្ជាការឯកភាពខេត្ត នឹងចុះស្រាវជ្រាវរកទីតាំងដែលនៅសេសសល់ដើម្បីបញ្ចប់ជាស្ថាពរ។ ដោយឡែក សម្រាប់ទីតាំងដែលបង្ក្រាប បាននៅក្នុងខេត្តកណ្ដាលប៉ុន្មានថ្ងៃនេះ ភាគច្រើនសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំង ដើម្បីបញ្ឈប់សកម្មភាព ក្នុងករណីនៅតែបន្ដនឹងចាត់វិធានការតាមច្បាប់ជាធរមាន៕