(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបន្ដចុះបង្ក្រាបទីតាំងលួចបើកល្បែងស៉ីសងខុសច្បាប់ និងបញ្ចាំខុសច្បាប់ក្នុងមូលដ្ឋានខណ្ឌទួលគោក។

លោក ឃ្លាំង ហួត បានប្រាប់ភ្នាក់ងារ Fresh News នៅទីតាំងដែលកំពុងចុះបង្ក្រាបនោះថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នៅក្នុងប្រតិបត្តិការនេះ ក៏មានចូលរួមពីអភិបាលខណ្ឌទួលគោក លោក ជា ពិសី ព្រមទាំងមានការសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

បើតាមសេចក្ដីរាយការណ៍ ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សដែលជាម្ចាស់ទីតាំង ហើយត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សម្រាប់ប្រតិបត្តិការនេះ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានបញ្ជាក់ថា ម៉ូតូដែលនៅក្នុងឃ្លាំងទាំង៣នាក់ ត្រូវបានចាក់សោទុកសិនរង់ចាំាការត្រួតពិនិត្យនៅថ្ងៃស្អែកបន្តទៀត។

សូមរំលឹកថា កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៉ីសង សរុប៣៦ករណី ឃាត់ខ្លួនមនុស្សចំនួន៧០នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៧-១៨ ខែកញ្ញានេះ។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមរបាយការណ៍ ក្នុងចំណោមនុស្សដែលឃាត់ខ្លួនបានទាំង៧០នាក់នោះ ក្នុងនោះមានស្រី៣៥នាក់, ចិន១០នាក់, កូរ៉េម្នាក់, អារ៉ាប់ម្នាក់ ហើយក្រៅពីនោះជាជនជាតិខ្មែរ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ៕