(សៀមរាប)៖ លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈ និងសណ្ដាប់ធ្នាប់បរិស្ថាន ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍។

លោក សាម ឡន ចៅសង្កាត់សាលាកំរើក លើកឡើងយ៉ាងដូននេះ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង១ខ្សែ ប្រវែង៧៥៤ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្លូវនេះតភ្ជាប់ពីខាងត្បូងផ្លូវគោកស្រិត ទៅដល់ផ្លូវបេតុងទៅភ្នំក្រោម (មុខវត្តស្វាយ) ដែលជាគម្រោងមូលនិធិរបស់សង្កាត់សាលាកំរើក។

លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានបញជាក់ថា ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងភូមិវត្តស្វាយ ដែលពីមុនផ្លូវនេះជាផ្លូវដីលំបាក ហើយផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃទៅមុខរបរការងាររៀងៗខ្លួនឲ្យមានភាពងាយស្រួលក្នុងការដឹកកសិផលរបស់ប្រជាពលរដ្ឋយកទៅលក់នៅទីផ្សារ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័ស និងងាយស្រួលផងដែរ។

លោកចៅសង្កាត់បានបន្តថា សមិទ្ធផលទាំងនេះ គឺជាគម្រោងផែនការអភិវឌ្ឍន៍ជាក់ស្តែងត្រឹមត្រូវ របស់រដ្ឋបាលសង្កាត់សាលាកំរើក ក្នុងគោលដៅបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងបង្កើនល្បឿននៃការអភិវឌ្ឍ តាមមូលដ្ឋាន និងពង្រឹងប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។

ទន្ទឹមនឹងនោះ លោក សាម ឡន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលតាមបណ្តោយដងផ្លូវនេះ សូមជួយថែរក្សាត្រូវចូលរួមថែរក្សាសមិទ្ធផលប្រយោជន៍សាធារណៈ រក្សាសណ្ដាប់ធ្នាប់បរិស្ថាន និងគ្រប់គ្រងសំរាមអោយបានល្អ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងសៀមរាបឱ្យសាកសមជាទីក្រុងទេសចរណ៍ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងនេះដែរ អង្គការស្រលាញ់ការរីកចម្រើនប្រជាជនរួមជាមួយ និងអាជ្ញាធរសង្កាត់សាលាកំរើក បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាព ក្រលំបាក និងដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទជំងឺកូវីដ១៩កន្លងមក ចំនួន១៥០គ្រួសារ រួមមាន៖ ក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន២០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ១កញ្ចប់ផងដែរ៕